ព័ត៌មានលម្អិត

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់ការិយាល័យច្រកចេញចូលតែមួយគោលដៅថ្មីចំនួន០៣

ថ្ងៃចេញផ្សាយ: September 20, 2019

ប្រភព: OWSO

ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ចាម មានការរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់ការិយាល័យច្រកចេញចូលតែមួយគោលដៅថ្មីចំនួន០៣ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

បន្ទាប់ពីលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអានរបាយការណ៍លទ្ធផលនៃវគ្គបណ្តុះបណ្តាលរយៈពេល០៣ថ្ងៃកន្លងមកនេះ ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍កោតសរសើរដល់សិក្ខាកាម ក៏ដូចជាគ្រូបង្គោលទាំងអស់ និងបានធ្វើការវាយតម្លៃជាមធ្យមចំពោះលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ដែលធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះទទួលបានជោគជ័យ។

ជាមួយគ្នានេះដែរ ឯកឧត្តមមានប្រសាសន៍ថា ការបណ្តុះបណ្តាលនេះគឺជាជំហានថ្មីមួយទៀតនៃដំណើរការពង្រីកការអនុវត្តការិយាល័យច្រកចេញចូលតែមួយងស្រុកគោលដៅថ្មីចំនួន០៣បន្ថែមទៀតបន្ទាប់ពីការសម្ភោធ និងដាក់ឱ្យដំណើរការការិយាល័យនៅក្រុង ស្រុក ខណ្ឌគោលដៅចំនួន៨៣ និងបានដាក់ឱ្យដំណើការអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តចំនួន២៥រួចមកហើយនាពេលកន្លងមក។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការដាក់ឱអនុវត្តការផ្តល់សេវាតាមរយៈការិយាល័យច្រកចេញចូលតែមួយគឺជាកិច្ចការអាទិភាពមួយដើម្បីឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនិតិកាលទី៦នៃរដ្ឋសភា។ ឯកឧត្តមបន្តថា ការបង្កើតឡើងនូវយន្តការច្រកចេញចូលតែមួយ និងយន្តការសម្រុះសម្រួលដោះស្រាយបណ្តឹង គឺមានទិសដៅលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវារដ្ឋបាលចាំបាច់ជូនប្រជាពលរដ្ឋដោយបង្ខិតរដ្ឋបាលឱ្យទៅកៀកជិតប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសេវា កាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងកសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋជាមួយរដ្ឋបាលសាធារណៈ។

ឯកឧត្តមមានប្រសាសន៍បន្តថា ចំណេះដឹង និងបទពិសោធដែលអស់លោក លោកស្រីទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកធានាឱ្យការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព គណនេយ្យភាព និងគ្មានអំពើពុករលួយ។

ជាចុងក្រោយឯកឧត្តមបានណែនាំដល់រដ្ឋបាលស្រុកទាំងអស់ក្រុងស្រុកខណ្ឌរៀបចំរបៀបរបបធ្វើការងារឱ្យបានច្បាស់លាស់ ដោយមានការបែងចែកនូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវឱ្យបានជាក់លាក់តាមផ្នែកនីមួយៗ ស្របតាមសមត្ថភាព និងសមត្ថកិច្ចរៀងៗខ្លួន ព្រមទាំងបន្ទាប់ពីការសម្ភោធដាក់ឱ្យអនុវត្តជាផ្លូវការនូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋតាមស្រុកគោលដៅរបស់ខ្លួនរួចហើយ គឺត្រូវរៀបចំការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ អំពីវត្តមានការិយាល័យច្រកចេញចូលតែមួយ តម្លៃសេវា និងពត៌មានសំខាន់ៗផ្សេងទៀតស្តីពីសេវា និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋ ដែលត្រូវធ្វើឡើងតាមគ្រប់មធ្យោបាយនានា ដូចជាក្តារព័ត៌មានសាធារណៈ បណ្ដាញព័ត៌មាន បណ្ដាញទំនាក់ទំនងសង្គម ខិត្តប័ណ្ណ វេទិកាផ្សព្វផ្សព្វផ្សាយ វេទិកាសាធារណៈ និងកិច្ចប្រជុំនានាជាដើម។     ចុចខាងក្រោមដើម្បីចូលមើលរូបភាពផ្សេងទៀត http://www.owso.gov.kh/picture/#lg=1&slide=0

ព័ត៌មានថ្មីៗ

មតិយោបល់