ព័ត៌មានលម្អិត
ប្រធានការិយាល័យប្រជាពលរដ្ឋជាតំណាងអព្យាក្រឹតរបស់ប្រជាពលរដ្ឋ
ប្រភព: OWSO
ការិយាល័យប្រជាពលរដ្ឋ គឺមានសមត្ថកិច្ចទទួល សម្រុះសម្រួល និងដោះស្រាយបណ្តឹងមិនត្រឹមតែពាក់ព័ន្ធការផ្តល់សេវានៅអង្គភាពចេញចូលតែមួយប៉ុណ្ណោះទេ គឺកិច្ចការរបស់ខេត្តដើម្បីធានាយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ។ នេះជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីសម្ពោធ និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តទាំង២៥រាជធានី ខេត្ត នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តពោធិ៍សាត់ ។ សម្តេចមានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា ប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ និង អព្យាក្រឹត ស័ក្ដិសមជាតំណាងរបស់ប្រជាពលរដ្ឋដ៏ពិតប្រាកដ។ សម្តេចមានប្រសាសន៍ថា ទន្ទឹមនឹងការបង្កើតអង្គភាពច្រកចេញចូលតែមួយនៅថ្នាក់រាជធានី ខេត្ត ឬការិយាល័ច្រកចេញចូលតែមួយថ្នាក់ក្រុង ស្រុក ខណ្ឌ ដើម្បីផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ យើងក៏បានបង្កើតឱ្យមានការិយាល័យប្រជាពលរដ្ឋ ដែលជាអង្គភាពអព្យាក្រឹត្យមួយ។ ប្រធានការិយាល័យនេះត្រូវជ្រើសរើសឡើងពីគណៈកម្មាធិការបោះឆ្នោតនៅមូលដ្ឋានដែលមានសមាសភាពចម្រុះ រួមទាំង សង្គមស៊ីវិល និងវិស័យឯកជនផងដែរ។
ការិយាល័យប្រជាពលរដ្ឋមានតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយពាក្យបណ្ដឹង ឬការតវ៉ារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការសម្រេចរបស់រដ្ឋបាលមូលដ្ឋាន ឬភាពមិនប្រក្រតីក្នុងការផ្តល់សេវា រួមទាំងការបញ្ចេញអាកប្បកិរិយាមិនសមរម្យណាមួយរបស់មន្ត្រីនៅរដ្ឋបាលមូលដ្ឋានក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។ មកទល់ពេលនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានបង្កើតការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រុង ស្រុក ខណ្ឌបានចំនួន១១៥ក្រុង ស្រុក ខណ្ឌ និងនៅថ្នាក់រាជធានី ខេត្ត ទាំង២៥រាជធានី ខេត្តរួចហើយ។
សម្តេចមានប្រសាសន៍បញ្ជាក់ថា ប្រធាន និងបុគ្គលិកនៃការិយាល័យប្រជាពលរដ្ឋទាំងអស់ គឺត្រូវអនុវត្ដតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ និងអព្យាក្រឹត ក្នុងគោលបំណងដើម្បីចូលរួមចំណែកលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាល និងការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព គណនេយ្យភាព និងគ្មានអំពើពុករលួយ។ 