ព័ត៌មានលម្អិត
កិច្ចប្រជុំ ពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមអំពី ការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ប្រភព: OWSO
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំ”S” ទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមអំពីការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។



កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីនាយករដ្ឋបាលរាជធានី ខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ និងប្រធានការិយាល័យប្រជាពលរដ្ឋទាំង២៥រាជធានី ខេត្ត ព្រមទាំងអគ្គនាយករង ប្រធាននាយកដ្ឋាននៃនាយកដ្ឋានមុខងារ និងធនធាន នាយកដ្ឋានបុគ្គលិក នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ ខេត្ត និងនាយកដ្ឋានកិច្ចការដ្ឋបាលក្រុង ស្រុក និងឃុំ/សង្កាត់ សរុបចំនួន៨៨រូប។ ក្នុងកិច្ចប្រជុំនេះ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងាររបស់អង្គភាពច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋទាំង២៥រាជធានី ខេត្ត។ លោក បានបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយបានចាប់ដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋអស់រយៈពេល០៩ខែកន្លងមកហើយ ដែលក្នុងរយៈពេលនេះ អង្គភាពច្រកចេញចូលតែមួយទាំង២៥រាជធានី ខេត្ត ផ្តល់សេវាសរុបចំនួន៤០១.៥៧៣ សេវា ហើយទទួលបានចំណូលសរុបចំនួន ៣៤.៦៤៥.៥០៤.៧៥១ រៀល ស្មើនឹង ៨.៦៦១.៣៧៦,២០ដុល្លារអាមេរិក។ ចំណែកការិយាល័យច្រកចេញចូលតែមួយថ្នាក់ក្រុង ស្រុក ខណ្ឌគឺបានដំណើរការផ្តល់សេវាចំនួន៨៣ ក្រុង ស្រុក ខណ្ឌគោលដៅដែលក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ កន្លងមកនេះ ផ្តល់សេវាបានចំនួន៧៧៧.១៥៥ សេវា ទទួលបានចំណូលសរុប១៥.៦៦៣.១១៩.៣៨៧ រៀល ស្មើនឹង ៣.៩១៥.៧៧៩,៨៥ ដុល្លារអាមេរិក។ កិច្ចប្រជុំនេះក៏បានលើកឡើងអំពីបញ្ហាប្រឈមនានាក្នុងការអនុវត្តការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ ដែលពាក់ព័ន្ធនឹងបញ្ហាប្រឈមទាំងនោះ ឯកឧត្តម ប្រាក់ សំអឿន បានស្នើដល់រដ្ឋបាលរាជធានី ខេត្ត ខិតខំយកចិត្តទុកដាក់រៀបចំទីកន្លែង បុគ្គលិក និងផ្តល់ការគាំទ្រដល់កិច្ចដំណើរការបំពេញការងាររបស់អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ពិសេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាព។ លើសពីនេះទៀត ឯកឧត្តមក៏បានណែនាំដល់រដ្ឋបាល រាជធានី ខេត្ត ឱ្យបន្តសម្របសម្រួលជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងការផ្ទេរការផ្តល់សេវារដ្ឋបាលពីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធមកអង្គភាពច្រកចេញចូលតែមួយ និងត្រូវធ្វើការផ្សព្វផ្សយ ដល់ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធអំពីការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋឱ្យបានទូលំទូលាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ចំណែកការិយាល័យប្រជាពលរដ្ឋរាជធានី ត្រូវធ្វើការសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ា ឬការមិនពេញចិត្តនានារបស់ប្រជាពលរដ្ឋ ឬធ្វើការឆ្លើយតបឱ្យបានឆាប់រហ័សទៅកាន់ម្ចាស់បណ្តឹង ទោះជាបណ្តឹងនោះស្ថិតក្នុងសមត្ថកិច្ចឬក្រៅសមត្ថកិច្ចរបស់ការិយាល័យក៏ដោយ។