នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសហការី បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើការស្នើសុំរបស់ក្រុមហ៊ុនមីហ្ស៊ុដា សានីថេសិន (ខេមបូឌា) ឯ.ក ក្នុងការប្រមូល និងដឹកជញ្ជូនសំរាមសំណង់ ព្រមទាំងពិភាក្សាអំពីយន្តការហិរញ្ញប្បទាន និងគ្រប់គ្រងសេវាប្រមូលដឹកជញ្ជូន ទុកដាក់ កែច្នៃ និងប្រើប្រាស់ឡើងវិញនូវសំណល់សំណង់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីតំណាងតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធផ្សេងៗទៀត តាមរយៈប្រព័ន្ធវីដេអូពីចំងាយ (Zoom) ដែលមានអ្នកចូលរួមសរុប ៤០រូប។
ដោយសារកំណើននៃសកម្មភាពពាណិជ្ជកម្ម និងការរីកដុះដាលនៃវិស័យសំណង់ ក្នុងរាជធានីភ្នំពេញ និងខេត្តជាប់រាជធានី ទើបធ្វើឱ្យការកសាងហេដ្ឋារចនាសម្ព័ន្ធសំណង់ទាំងវិស័យរដ្ឋ និងឯកជន មានសន្ទុះកើនឡើងជាលំដាប់។
ទន្ទឹមនោះ ការចោល និងទុកដាក់សំណល់សំណង់ចេញពីការដ្ឋានសំណង់ សំណង់ជួសជុល និងសំណង់ចាស់បានក្លាយជាក្តីបារម្ភ ចំពោះផលប៉ះពាល់បរិស្ថាន និងសង្គមក្នុងរាជធានីភ្នំពេញ។
ជាលទ្ធផល អង្គប្រជុំ បានឯកភាពគ្នាក្នុងការបន្តសហការ និងពិភាក្សាបន្ថែមទៀត និងស្នើឱ្យភាគីពាក់ព័ន្ធពិនិត្យលទ្ធភាពអនុវត្តនីតិវិធីបន្ត។
