ព័ត៌មានលម្អិត
កិច្ចប្រជុំសម្របសម្រួលការអនុវត្តគម្រោងរបស់អង្គការដៃគូ
ប្រភព: OWSO
ភ្នំពេញ៖ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រួមទាំងទីប្រឹក្សាក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធរបស់នាយកដ្ឋាន បានអញ្ជើញចូលរួមកិច្ចប្រជុំសម្របសម្រួលការអនុវត្តគម្រោងរបស់អង្គការដៃគូ និងក្រុមហ៊ុននានា ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូConference Google Meet។
អង្គការដៃគូ និងក្រុមហ៊ុននានាដែលកំពុងអនុវត្តគម្រោងពាក់ព័ន្ធនឹងការផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ក្រោមកិច្ចសហការជាមួយនាយកដ្ឋានមុខងារ និងធនធាន ត្រូវរៀបចំកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងដើម្បីស្វែងយល់ និងពិនិត្យមើលអំពីទស្សនទាន រួមទាំងទិសដៅនានារបស់ក្រសួងមហាផ្ទៃ ពិសេសអគ្គនាយកដ្ឋានរដ្ឋបាល ដែលមាននាយកដ្ឋានមុខងារ និងធនធានជាសេនាធិការ ក្នុងការរៀបចំ និងការគ្រប់គ្រងការផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែទំនើបតាមរយៈប្រព័ន្ធអនឡាញ និងការរៀបចំឧបករណ៍បច្ចេកវិទ្យាថ្មីៗក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ។ កិច្ចប្រជុំនេះក៏ត្រូវពិនិត្យ ពិភាក្សាបែងចែកខេត្ត ក្រុង ស្រុក ខណ្ឌគោលដៅរបស់គម្រោងទាំងនេះ កុំអោយត្រួតជាន់គ្នា ព្រមទាំងពិភាក្សារកជម្រើសណាមួយល្អប្រសើរបំផុតក្នុងការបង្កើតឧបករណ៍បច្ចេកវិទ្យាថ្មីៗ(App)សម្រាប់ប្រជាពលរដ្ឋ។
អង្គការដៃគូ និងក្រុមហ៊ុននានាដែលកំពុងអនុវត្តគម្រោងពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងដែលកំពុងសហការជាមួយនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋារដ្ឋបាល ក្រសួងមហាផ្ទៃ រួមមាន៖
១. អង្គការ GIZ៖ កំពុងសហការគាំទ្រដល់នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាលក្នុងការកែសម្រួលប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យារបស់ការិយាល័យច្រកចេញចូលតែមួយ ការរៀបចំប្រព័ន្ធផ្តល់សេវាអនឡាញ និងរៀបចំសៀវភៅនីតិវិធីស៊ើបអង្កេតបណ្តឹង និងនីតិវិធីរដ្ឋបាលរបស់ការិយាល័យប្រជាពលរដ្ឋ
២. អង្គការតម្លាភាពកម្ពុជា៖ កំពុងអនុវត្តគម្រោងពង្រឹងសិទ្ធិអំណាចស្ត្រីវ័យក្មេងក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាអោយមានគណនេយ្យភាព ដោយសហការជាមួយនាយកដ្ឋានមុខងារ និងធនធាន ក្នុងការបង្កើតកម្មវិធីទូរស័ព្ទដៃ (Mobile App)ក្នុងការផ្សព្វផ្សាយព័ត៌មានសេវាការិយាល័យច្រកចេញចូលតែមួយ និងការទទួលបណ្តឹងតវ៉ាពីប្រជាពលរដ្ឋ
៣. ក្រុមហ៊ុនNickol Global Solutions អង្គការ InSTEDD និងវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)ក្រោមជំនួយរបស់USAID កំពុងអនុវត្គម្រោងច្រកចេញចូលតែមួយសម្រាប់ពលរដ្ឋ (OW4C) ដោយសហការជាមួយរដ្ឋបាលខេត្តគោលដៅចំនួន០៣ គឺខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។
—
អត្ថបទដោយ៖ ត.ប
