ព័ត៌មានលម្អិត

កិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមការងារធនាគារពិភពលោក អំពីវឌ្ឍនភាពការងារនៃការរៀបចំគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិករបស់ធនាគារពិភពលោក

ប្រភព: OWSO

ក្រសួងមហាផ្ទៃ៖ នារសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារនៃនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន បានជួបពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមការងារធនាគារពិភពលោក អំពីវឌ្ឍនភាព និងដំណើរការនៃការរៀបចំគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិករបស់ធនាគារពិភពលោក ដោយមានអ្នកចូលរួមចំនួន៩រូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ និងការរៀបចំផែនការសកម្មភាពនៃការរៀបចំគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ដោយផ្តោតលើចំណុចសំខាន់ៗ រួមមាន៖
១. ផែនការសកម្មភាពបន្ត ដើម្បីរៀបចំឯកសារគម្រោង និងដាក់ជូនក្រុមប្រឹក្សាភិបាលធនាគារពិភពលោក ក្នុងការអនុម័ត
២. ការរៀបចំកិច្ចដំណើរការនៃការជ្រើសរើសទីតាំង ក្នុងការរៀបចំទីលានចាក់សំរាមក្នុងភូមិសាស្ត្រនៃខេត្តកណ្តាល
៣. ការពិនិត្យសេចក្តីព្រាងហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោង
៤. ការត្រៀមរៀបចំកិច្ចលទ្ធកម្មគម្រោង។
ក្រោយពីបានពិនិត្យលើផែនការសកម្មភាពបន្តនៃការរៀបចំគម្រោង និងឯកសារសំខាន់ផ្សេងៗទៀត ឯកឧត្តម ប្រធាននាយកដ្ឋាន បានចូលរួមផ្តល់យោបល់កែសម្រួល និងបានឯកភាពលើផែនការសកម្មភាពបន្តនេះ។
សូមគូសបញ្ជាក់ផងដែរថា ក្រុមការងារធនាគារពិភពលោក នឹងជួបពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំគម្រោងខាងលើ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងរយៈពេល ៤ថ្ងៃនៃការបំពេញបេសកកម្មការងារ ពោលគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
នៅថ្ងៃចុងបញ្ចប់នៃបេសកកម្មរបស់ខ្លួន ពោលគឺនារសៀល ថ្ងៃទី១៤ ខែកក្កដា ខាងមុខនេះ ក្រុមការងារធនាគារពិភពលោក នឹងចូលជួបពិភាក្សា និងពិគ្រោះយោបល់ជាមួយនឹងក្រុមការងារនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ ទន្ទឹមនេះ ក្រុមការងារធនាគារពិភពលោក ក៏នឹងរាយការណ៍ជូនឯកឧត្តម អគ្គនាយក អំពីវឌ្ឍនភាព និងលទ្ធផលការងារក្នុងបេសកកម្មបំពេញការងាររយៈពេល៤ថ្ងៃនៃក្រុមការងារធនាគារពិភពលោកនៅកម្ពុជាផងដែរ។

ព័ត៌មានថ្មីៗ

មតិយោបល់