ព័ត៌មានលម្អិត
កិច្ចប្រជុំពិភាក្សាអំពីគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា
ថ្ងៃចេញផ្សាយ: January 5, 2023
ប្រភព: OWSO
នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិភាក្សាស្វែងរកការឯកភាពគ្នាជារួមមួយក្នុងការទទួលយកគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា សម្រាប់ការគាំទ្រ និងការអនុវត្តគម្រោងក្រោយពេលគម្រោងនេះត្រូវបានអនុម័តនាពេលខាងមុខ។
កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ហែម វណ្ឌឌី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តគោលដៅទាំង៣ រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តសៀមរាប និងអ្នកពាក់ព័ន្ធសរុប្រមាណ២៦រូប។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ អង្គប្រជុំបានឯកភាពគ្នាក្នុងការទទួលយកគម្រោងនេះ និងបានបង្ហាញនូវជំហរគាំទ្រយ៉ាងពេញទំហឹងសម្រាប់អនុវត្តនៅពេលគម្រោងត្រូវបានអនុម័ត។
គម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា បានចាប់ផ្តើមសិក្សារៀបចំតាំងពីឆ្នាំ២០១៩ ក្រោមការគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក និងមានការចូលរួមសិក្សាសហការរៀបចំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ។
