ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីលទ្ធផលនៃការចុះសិក្សាប្រព័ន្ធគ្រប់គ្រងទិន្នន័យប័ណ្ណព្រំដែនជនកម្ពុជា(Border Pass) ដែលដឹកនាំដោយលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពីសមាជិកក្រុមការងារទាំងអស់សរុបចំនួន ១៤រូប ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានបញ្ជូនអ្នកបច្ចេកទេសមួយចំនួន ចុះទៅសិក្សាអំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យប័ណ្ណព្រំដែនជនកម្ពុជា(Border Pass)នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កន្លងទៅ។ ការចុះសិក្សានេះ គឺដើម្បីប្រមូលធាតុចូល និងពិនិត្យលទ្ធភាពក្នុងការតភ្ជាប់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយ ជាមួយប្រព័ន្ធគ្រប់គ្រងទិន្នន័យប័ណ្ណព្រំដែនជនកម្ពុជា(Border Pass)។