ព័ត៌មានលម្អិត
កិច្ចប្រជុំពិភាក្សាអំពីការងារដែលត្រូវអនុវត្តបន្តរវាងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជាមួយក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក (KESS INNOVATION PLC)
ប្រភព: OWSO
នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក (KESS INNOVATION PLC) ក្រោមការដឹកនាំរបស់លោក បួន ហេង ប្រធាននាយកដ្ឋាន នៃនាយកដ្ឋានមុខងារ និងធនធាន ជាមួយតំណាងក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក (KESS INNOVATION PLC) និងមន្ត្រី បុគ្គលិកបច្ចេកទេសពាក់ព័ន្ធសរុបចំនួន១២រូប។
————–
កិច្ចប្រជុំនេះបានរៀបចំឡើងផ្តោតទៅលើគោលបំណងសំខាន់ៗដូចខាងក្រោម៖
១. ការពិនិត្យ និងតាមដានសកម្មភាពការងាររបស់ក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក (KESS INNOVATION PLC)ទៅលើការអនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ(Payment Hub)នៅអង្គភាពច្រកចេញចូលតែមួយនៃរាជធានី ខេត្តទាំង០៣ គឺរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តសៀមរាប ដែលកំពុងអនុវត្តសាកល្បងរយៈពេល០៦ខែបន្តទៀត ដោយគិតចាប់ពីខែសីហា ឆ្នាំ២០២១ តទៅ
២. បានពិភាក្សា និងកំណត់ប្រភេទសេវាតាមវិស័យមួយចំនួន សម្រាប់រៀបចំស្នើសុំសេវាតាមអនឡាញ។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក (KESS INNOVATION PLC) បានឯកភាពទៅលើសេវាមួយចំនួនក្នុងវិស័យចំនួន៣ សម្រាប់រៀបចំដាក់ឱ្យប្រជាពលរដ្ឋអាចស្នើសុំតាមអនឡាញបាន រួមមាន៖ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យឧស្សាហកម្ម និងសិប្បកម្ម និងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ដើម្បីបង្កលក្ខណៈងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា និងថវិកា អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃដែលមាននាយកដ្ឋានមុខងារ និងធនធានជាសេនាធិការ នឹងបន្តសិក្សាជាមួយក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក (KESS INNOVATION PLC) ដើម្បីរៀបចំដាក់សេវារដ្ឋបាលបន្ថែមទៀត សម្រាប់ឱ្យប្រជាពលរដ្ឋអាចស្នើសុំសេវាតាមរយៈប្រព័ន្ធអនឡាញ។
