នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោក នូវ និត អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន និងក្រុមការងារនៃការិយាល័យមុខងារ និងធនធាន បានអញ្ជើញចូលរួមតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅក្នុងកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលរួមមានទីតាំងដីធ្លី និងអគារនៅតាមក្រុង ស្រុក ទូទាំងប្រទេស ដើម្បីប្រគល់ជូនសហគ្រាសប្រៃសណីយ៍កម្ពុជា និងផ្ទេរជូនរដ្ឋបាលក្រុង ស្រុក គ្រប់គ្រង។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលេខាធិការដ្ឋានគ.ជ.អ.ប តំណាងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តទាំង២៤ និងអ្នកពាក់ព័ន្ធសរុបប្រមាណ៦៩រូប ក្នុងគោលបំណងដើម្បីពិភាក្សា និងប្រមូលមតិយោបល់លើនីតិវិធី និងផែនការសកម្មភាព សម្រាប់ត្រៀមចុះត្រួតពិនិត្យទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលរួមមាន ទីតាំងដីធ្លី និងអគារនៅតាមក្រុង ស្រុក ដើម្បីប្រគល់ជូនសហគ្រាសប្រៃសណីយ៍កម្ពុជា និងផ្ទេរជូនរដ្ឋបាលក្រុង ស្រុក គ្រប់គ្រង។
សូមគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០១០ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រគល់ទ្រព្យសម្បត្តិរដ្ឋមួយចំនួន រួមទាំងដីធ្លី និងអគារនៅតាមក្រុង ស្រុក ខណ្ឌ ឱ្យទៅប្រៃសណីយកម្ពុជា ដែលជាសហគ្រាសសាធារណៈគ្រប់គ្រង និងប្រើប្រាស់ ដើម្បីបម្រើសេវាប្រៃសណីយ៍ជូនប្រជាពលរដ្ឋ។ ប៉ុន្តែនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យលេខ១៨២ ១៨៣ ១៨៤ អនក្រ.បក ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយសម្រេចផ្ទេរមុខងារ និងធនធាននានានៅតាមការិយាល័យជំនាញនៅក្រុង ស្រុក ខណ្ឌ ទៅឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌវិញ។ ដោយហេតុថា ទីតាំងការិយាល័យប្រៃសនីយ៍និងទូរគមនាគមន៍មួយចំនួនស្ថិតនៅក្នុងបរិវេណរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ហើយមួយចំនួនទៀតស្ថិតនៅក្រៅបរិវេណរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទើបក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានស្នើសុំការណែនាំ និងសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីរក្សាទុកទីតាំងការិយាល័យប្រៃសនីយ៍និងទូរគមនាគមន៍ ដែលនៅក្រៅបរិវេណសាលាក្រុង ស្រុក ឬទីតាំងដែលកំពុងធ្វើអាជីវកម្មតាមក្រុង ស្រុក ខណ្ឌ គួរទុកលទ្ធភាពជូនប្រៃសនីយ៍កម្ពុជាបន្តប្រើប្រាស់។ ចំពោះទីតាំង ដែលនៅក្នុងបរិវេណរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ គួរបន្តស្ថិតក្រោមការគ្រប់គ្រង និងប្រើប្រាស់ដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នាលើចំណុចមួយចំនួន ដូចក្រោម៖
– ស្នើឱ្យក្រុមការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំឯកសារពាក់ព័ន្ធជាកញ្ចប់ រួចផ្ញើជូនក្រុមការងារបច្ចេកទេសនីមួយៗ សម្រាប់ជាមូលដ្ឋានពេលចុះទៅសិក្សា
– ស្នើឱ្យក្រុមការងារបច្ចេកទេសទាំង០៥ក្រុម ដើម្បីរៀបចំកិច្ចប្រជុំក្រុមតូចដាច់ដោយឡែកជាបឋម និងដើម្បីពិភាក្សា ពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធ ឱ្យបានច្បាស់លាស់មុននឹងចុះទៅសិក្សា និងត្រួតពិនិត្យ
– ក្នុងពេលចុះសិក្សា និងត្រួតពិនិត្យ ត្រូវធ្វើសកម្មភាពចំនួន០២ក្នុងពេលតែមួយ រួមមានការសិក្សាការផ្ទេរទ្រព្យសម្បត្តិ ដីធ្លី និងអគារជូនសហគ្រាសប្រៃសណីយ៍ និងការផ្ទេរការគ្រប់គ្រងទ្រព្យសម្បត្តិជូនរដ្ឋបាលក្រុង ស្រុក
-ត្រូវរៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃការចុះសិក្សា និងត្រួតពិនិត្យឱ្យបានច្បាស់លាស់ ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធពិនិត្យ និងសម្រេច មុននឹងរៀបចំដាក់ចេញជាអនុក្រឹត្យ ឬប្រកាសក្នុងការផ្ទេរទ្រព្យសម្បត្តិ (ដីធ្លី និងអគារ)។