ព័ត៌មានលម្អិត

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍ចុះពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តមុខងារក្នុងវិស័យសង្គមកិច្ចដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

ថ្ងៃចេញផ្សាយ: February 23, 2023

ប្រភព: OWSO

ក្រសួងសង្គមកិច្ច៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានមុខងារនិងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដឹកនាំដោយលោក នូវ និត អនុប្រធាននាយកដ្ឋាន បានចូលរួមកិច្ចប្រជុំពិនិត្យរបាយការណ៍ចុះពិនិត្យតាមដាន និងវាយតម្លៃ​ការអនុវត្ត​មុខ​ងារ​ក្នុងវិស័យសង្គមកិច្ច ដូចមានចែងក្នុងអនុក្រឹត្យលេខ៣៤ អនក្រ.បក ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។
កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការ និ​ង​ជា​អនុ​​ប្រ​ធានប្រចាំការយន្តការដឹកនាំការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង​មានការអញ្ជើញចូលរួមពី តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប និងតំណាងនាយកដ្ឋានចំណុះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និ​ង​យុវនី​តិ​សម្បទា ដែលមានអ្នកចូលរួមសរុបចំនួន ១១នាក់។
គួរបញ្ជាក់ថា កាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ក្រុមការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប បានចុះពិនិត្យការអនុវត្តមុខងារក្នុងវិស័យសង្គមកិច្ចផ្អែកតាមអនុក្រឹត្យលេខ៣៤ អនក្រ.បក ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។
ផ្អែកតាមអនុក្រឹត្យនេះ រាជរដ្ឋាភិបាលបានសម្រេចផ្ទេរមុខងារចំនួន០៣ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺ៖
១. ការគ្រប់គ្រងមណ្ឌលថែទាំកុមាររដ្ឋទៅឱ្យរដ្ឋបាលរាជធានី ខេត្ត
២. ការត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាលទៅឱ្យរដ្ឋបាលក្រុង ស្រុក និង
៣. ការគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ទៅឱ្យរដ្ឋបាលរាជធានី ក្រុង ស្រុក និងរ​ដ្ឋ​បាល​ឃុំ
ជាលទ្ធផល អង្គប្រជុំបានឯកភាពទាំងស្រុងលើខ្លឹមសាររបាយការណ៍ចុះត្រួតពិនិត្យ និងវាយតម្លៃមុខងារក្នុងវិស័យសង្គមកិច្ចខាងលើនេះ និងបានលើកជាអនុសាសន៍មួយចំនួន ដើម្បីជំរុញឱ្យការអនុវត្តមុខងារដែលបានផ្ទេរខាងលើកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ព័ត៌មានថ្មីៗ

មតិយោបល់