ព័ត៌មានលម្អិត

កិច្ចប្រជុំពិនិត្យសំណើរបស់ក្រសួងបរិស្ថានលើការចុះបញ្ជីដីរដ្ឋចំនួន២១កន្លែងដើម្បីប្រើប្រាស់ជាទីលានទុកដាក់សំរាម សំណល់រឹង

ប្រភព: OWSO

ភ្នំពេញ: នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងក្រុមការងារបានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យលើសំណើរបស់ក្រសួងបរិស្ថានលើការចុះបញ្ជីដីរដ្ឋចំនួន២១កន្លែង ដើម្បីរៀបចំរក្សាទុកដាក់ប្រើប្រាស់ទីលានទុកដាក់សំរាម សំណល់រឹង តាមប្រព័ន្ធអនឡាញហ៊្សូម(ZOOM)។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមផងដែរពីតំណាងក្រសួងបរិស្ថាន តំណាងក្រសួងរ៉ែ និងថាមពល តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រុមហ៊ុនLuma System Co., Ltd តំណាងរដ្ឋបាលខេត្តពាក់ព័ន្ធ សរុបប្រមាណ៦៨រូប។

កិច្ចប្រជុំដែលមានរយៈពេលពេញមួយព្រឹក មានគោលបំណងដើម្បីពិភាក្សា ពិគ្រោះយោបល់លើសំណើសុំអនុញ្ញាតចុះបញ្ជីដីរដ្ឋចំនួន២១កន្លែង នៅតាមបណ្តាក្រុង ស្រុក ដែលក្រសួងបរិស្ថានបានដាក់ស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំរក្សាទុកប្រើប្រាស់ជាទីលានទុកដាក់សំរាម សំណល់រឹង ដោយផ្អែកតាមរបាយការណ៍នៃការចុះសិក្សារបស់ក្រុមហ៊ុនLuma System Co., Ltd។

ទីតាំងដីចំនួន២១កន្លែង ដែលត្រូវស្នើសុំប័ណ្ណកម្មសិទ្ធិដីស្របច្បាប់របស់រដ្ឋ សម្រាប់សាងសង់ទីលានទុកដាក់សំរាម សំណល់រឹង នាពេលអនាគត រួមមាន៖
– ខេត្តកណ្តាល (ស្រុកលើកដែក)
– ខេត្តកោះកុង (ស្រុកកោះកុង និងស្រុកស្រែអំបិល)
– ខេត្តកំពង់ចាម (ស្រុកបាធាយ ស្រុកស្រីសន្ធរ និងស្រុកព្រៃឈរ)
– ខេត្តកំពង់ធំ (ស្រុកប្រាសាទបល្ល័ង្ក និងស្រុកសន្ទុក)
– ខេត្តកំពត (ស្រុកដងទង់)
– ខេត្តតាកែវ (ស្រុកគិរីវង្ស និងស្រុកទ្រាំង)
– ខេត្តប៉ៃលិន (ស្រុកសាលាក្រៅ)
– ខេត្តពោធិ៍សាត់ (ស្រុកវាលវែង)
– ខេត្តព្រៃវែង (ស្រុកពារាំង និងស្រុកបាភ្នំ)
– ខេត្តព្រះវិហារ (ស្រុកជាំក្សាន្ត)
– ខេត្តមណ្ឌលគិរី (ស្រុកអូររាំង)
– ខេត្តរតនៈគិរី (ស្រុកកូនមុំ ស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមាស)
– ខេត្តឧត្តរមានជ័យ (ស្រុកត្រពាំងប្រាសាទ)។
ជាលទ្ធផល អង្គប្រជុំបានស្នើក្រុមហ៊ុន បន្តសិក្សាឱ្យបានច្បាស់លាស់បន្ថែមទៀត ដោយផ្អែកលើលក្ខខណ្ឌស្តង់ដារនៃការរៀបចំទីលានចាក់សំរាម លក្ខខណ្ឌភូមិសាស្ត្រ ប្រជាសាស្ត្រ និងសេដ្ឋកិច្ច និងកត្តាពាក់ព័ន្ធផ្សេងទៀត។ ទន្ទឹមនេះ អង្គប្រជុំក៏បានស្នើឱ្យក្រុមហ៊ុនសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានសំខាន់ៗអោយបានច្បាស់លាស់ពាក់ព័ន្ធការកំណត់ជ្រើសរើសទីតាំងដែលបានស្នើសុំខាងលើ។

ព័ត៌មានថ្មីៗ

មតិយោបល់