ខេត្តកំពត៖ កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការផ្តល់សេវារដ្ឋបាលរយៈពេល០៩ខែ ឆ្នាំ២០២២
របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ត្រូវបានរៀបចំឡើង
នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពត។
កិច្ចប្រជុំនេះ រៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្តកំពត នាយក-នាយករងរដ្ឋបាលខេត្ត និងប្រធាន-អនុប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ទាំង២៥រាជធានី ខេត្ត សរុបប្រមាណ៦៣រូប។
កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយះពេល៩ខែ ឆ្នាំ២០២២នេះ មានរយៈពេលពេញ១ថ្ងៃដែលប្រព្រឹត្តទៅយ៉ាងរលូនដោយមានការចូលរួមយ៉ាងផុសផុសពីសមាជិកសមាជិកាទាំងអស់។
ក្នុងពិធីបើកកិច្ចប្រជុំ សមាជិកសមាជិកាមានកិត្តិយសដោយបានស្តាប់នូវមតិស្វាគមន៍របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត និងមតិសំណេះសំណាលបើកកិច្ចប្រជុំរបស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
បន្ទាប់មក សមាជិកសមាជិកាទាំងអស់ក៏បានស្តាប់នូវបទបង្ហាញសំខាន់ៗចំនួន០៤ គឺ៖
ទី១- បទបង្ហាញដោយ លោក អ៊ឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ស្តីអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការផ្តល់សេវារដ្ឋបាលរយៈពេល៩ខែ ឆ្នាំ២០២២ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
ទី២- បទបង្ហាញដោយ លោក នូរ ច័ន្ទដា ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តកំពត ការចែករំលែកបទពិសោធន៍ អំពីការសម្របសម្រួល និងទំនាក់ទំនងការងារជាមួយអង្គភាពជុំវិញខេត្តក្នុងការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយខេត្តកំពត
ទី៣- បទបង្ហាញដោយ លោក ឈឺន សូរិយា ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ ការចែករំលែកបទពិសោធន៍បទអំពីការផ្សព្វផ្សាយព័ត៌មាន និងការជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ
ទី៤- បទបង្ហាញដោយ លោក អ៊ឹង ទី ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម ការចែករំលែកបទពិសោធន៍អំពីការអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រ(Payment Hub)នៅអង្គភាពច្រកចេញចូលតែមួយ ខេត្តកំពង់ចាម។
មុនពេលបញ្ចប់កិច្ចប្រជុំនេះ សមាជិកសមាជិកាទាំងអស់បានស្តាប់នូវប្រសាសន៍បិទកិច្ចប្រជុំរបស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
ឯកឧត្តម បានថ្លែងកោតសរសើរចំពោះការចូលរួមដ៏មានតម្លៃរបស់សមាជិក សមាជិកាទាំងអស់រយៈពេលពេញមួយថ្ងៃនេះ ជាពិសេសការខិតខំយកចិត្តទុកដាក់អនុវត្តការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នៅក្នុងដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។
ឯកឧត្តមបានណែនាំរដ្ឋបាលរាជធានី ខេត្ត អនុវត្តដូចខាងក្រោម៖
ទី១. ពង្រឹងកិច្ចសហការជាមួយមន្ទីរជំនាញក្នុងការផ្តល់សេវារដ្ឋបាលទៅតារាងកម្រៃសេវាដែលបានកំណត់
ទី២. គ្រប់គ្រងចំណូលសេវាដែលបានពីការផ្តល់សេវារដ្ឋបាល តាមបែបបទ នីតិវិធី ឱ្យបានសមស្របតាមសេចក្តីណែនាំ
ទី៣. បន្តអនុវត្តប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការផ្តល់សេវា និងការគ្រប់គ្រងចំណូល
ទី៤. ជួយផ្តល់ការគាំទ្រ និងអនុវត្តក្នុងការផ្តល់សេវារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
ទី៥. ជួយគាំទ្រ និងបន្តតាមដានយន្តការផ្តល់សេវារបស់ឃុំ សង្កាត់ លើឧបករណ៍សម្ភារ និងទីតាំង។