ព័ត៌មានលម្អិត

កិច្ចប្រជុំពិគ្រោះយោបល់សាធារណៈអំពីផលប៉ះពាល់បរិស្ថាន និងសង្គមនៃការរៀបចំគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិចនៅកម្ពុជាក្នុងខេត្តសៀមរាប

ប្រភព: OWSO

សៀមរាប៖ នាថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២ ក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដឹកនាំដោយលោក នូវ និត អនុប្រធាននាយកដ្ឋាន បានចូលរួមដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីផលប៉ះពាល់បរិស្ថាន និងសង្គមនៃគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា ដែលរៀបចំដោយក្រុមការងារបច្ចេកទេសធនាគារពិភពលោក។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរដ្ឋបាលខេត្តសៀមរាប តំណាងរដ្ឋបាលក្រុងសៀមរាប អភិបាលស្រុកប្រាសាទបាគង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មេឃុំត្រពាំងធំ ប្រធានភូមិ អ្នករើសសំរាម អង្គការសង្គមស៊ីវិល និងសហគមន៍រស់នៅក្បែរទីលានចាក់សំរាមនៅឃុំត្រពាំងធំ សរុបប្រមាណ៦០នាក់។

គោលបំណងសំខាន់ៗនៃកិច្ចប្រជុំនេះគឺដើម្បីបង្ហាញអំពី៖
១) ការរៀបចំគម្រោង ពិសេសបច្ចេកទេសនៃការរៀបចំទីលានទុកដាក់សំរាម
២) ផលប៉ះពាល់បរិស្ថាន និងសង្គម
៣) នីតិវិធីគ្រប់គ្រងកម្លាំងពលកម្ម
4) ក្របខណ្ឌគោលនយោបាយតាំងទីលំនៅ និង
៥) ប្រមូលក្តីបារម្មណ៍ សំណើ សំណូមពរ និងឆ្លើយតបចំពោះសំណួរនានាដែលជាក្តីបារម្មណ៍របស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធលើការរៀបចំគម្រោង។

ក្រោយពីបានពិភាក្សាពិគ្រោះយោបល់អស់រយៈពេលមួយថ្ងៃពេញ កិច្ចប្រជុំនេះ ទទួលបានការចូលរួមជាមតិយោបល់ និងសំណើសំណូមពរមួយចំនួនពីអ្នកពាក់ព័ន្ធ ពិសេសអ្នករើសសំរាម និងប្រជាពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាម។ សំណើ និងសំណូមពរទាំងនោះ រួមមាន៖
-ស្នើសុំរៀបចំឱ្យមានប្រព័ន្ធទប់ស្កាត់ការច្រោះទឹកស្អុយហូរចូលប្រភពទឹកក្រោមដីដែលប្រជាពលរដ្ឋបាននិងកំពុងប្រើប្រាស់ប្រចាំថ្ងៃ
-ស្នើសុំគិតគូរពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសកុមារ ពីសំណាក់អ្នកបើកបរយានយន្ត និងគ្រឿងចក្រនានា នៅពេលសាងសង់ទីលាន
-ស្នើសុំឱ្យផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅក្បែរទីលានចាក់សំរាម
-ស្នើសុំឱ្យយកចិត្តទុកដាក់ចំពោះការប្រើប្រាស់ទីលាន និងការចាក់សំរាមដែលអាចនឹងក្លាយទៅជាគំនរសំរាម។
ទន្ទឹមនេះ ក៏មានការលើកជាយោបល់គាំទ្រពីតំណាងអង្គការកល្យាណមិត្ត ចំពោះការរៀបចំឱ្យមានកន្លែងមើលថែកុមារនៅពេលដែលឪពុកម្តាយ ឬអាណាព្យាបាលចូលទៅរើសសំរាម។ រាល់មតិយោបល់ ក្តីកង្វល់ និងសំណូមពរនានានៃគ្រប់ភាគីពាក់ព័ន្ធ ត្រូវបានកត់ត្រាជាធាតុចូល សម្រាប់ការរៀបចំឯកសារសំខាន់ៗ ដើម្បីធានាអោយការរៀបចំ និងការអនុវត្តគម្រោងនេះមានប្រសិទ្ធភាព គុណភាព និងទទួលបានភាពពេញចិត្តពីអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋាន។

ព័ត៌មានថ្មីៗ

មតិយោបល់