ព័ត៌មានលម្អិត
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីនីតិវិធីនៃកាបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅថ្មីឆ្នាំ២០១៩
ថ្ងៃចេញផ្សាយ: October 10, 2019
ប្រភព: OWSO
ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌគោលដៅថ្មីចំនួន៣២នឹងត្រូវបានរៀបចំបង្កើតនិងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៩។ នេះជាប្រសាសន៍ ឯកឧត្តម ស៊ វរិន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីនីតិវិធីនៃកាបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅថ្មីឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅសាលប្រជុំអាគារ”S”ទីស្តីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០១៩។
ឯកឧត្តមបញ្ជាក់ថា គិតមកទល់ពេលនេះ ការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី ខេត្តទាំង២៥គោលដៅត្រូវបានបង្កើត និងដាក់ឱ្យដំណើរការរួចរាល់ហើយ។ ចំណែកការិយាល័យប្រជាពលរដ្ឋថ្នាក់ក្រុង ស្រុក ខណ្ឌ ត្រូវបានបង្កើតជាជំហ៊ានៗតាមដំណាក់កាលបានចំនួន៨៣ការិយាល័យរួចហើយ ដែលប្រធាន និងបុគ្គលិកការិយាល័យប្រជាពលរដ្ឋទាំងនោះ បានទទួលការបណ្តុះបណ្តាល និងកំពុងដំណើរការទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ សម្រាប់ឆ្នាំ២០១៩នេះ ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌថ្មីចំនួន៣២គោលដៅនឹងត្រូវបានបង្កើតបន្ថែមទៀត ដែលយើងកំពុងប្រជុំផ្សព្វផ្សាយអំពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋនាឱកាសថ្ងៃនេះ។
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីនីតិវិធីនៃកាបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅថ្មីឆ្នាំ២០១៩ ចំនួន៣២គោលដៅត្រូវបានរៀបចំឡើងដោយនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមានប្រធានក្រុមប្រឹក្សា គណអភិបាល ព្រមទាំងនាយករដ្ឋបាលនៃក្រុងចំនួន១ ស្រុកចំនួន២៩ និងខណ្ឌចំនួន២ សរុបចំនួនជាង៩៦រូប។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយសេចក្តីណែនាំស្តីពីនីតិវិធីនៃកាបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ និងការរៀបចំផែនការសកម្មភាពសម្រាប់ការរៀបចំបង្កើតការិយាល័យប្រជាពលរដ្ឋដល់ថ្នាក់ដឹកនាំក្រុង ស្រុក ខណ្ឌគោលដៅថ្មីឆ្នាំ២០១៩ ទាំង៣២គោលដៅ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ស៊ វរិន មានប្រសាសន៍ថា ការិយាល័យប្រជាពលរដ្ឋគឺជាយន្តការអព្យាក្រឹត្យមួយសម្រាប់ទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋ ដែលមិនពេញចិត្តនឹងការធ្វើសេចក្តីសម្រេច ឬការបំពេញការងាររបស់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។ ការិយាល័យនេះគឺជាតំណាងរបស់ប្រជាពលរដ្ឋដែលមានប្រធានការិយាល័យកើតចេញពីការបោះឆ្នោតដោយគណៈកម្មាធិការបោះឆ្នោតមួយ ដែលមានសមាជិកមកពីក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌទាំងអស់ តំណាងក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងអាជីវករ និងតំណាងអង្គការសង្គមស៊ីវិលនៅមូលដ្ឋាន។
ឯកឧត្តមបញ្ជាក់ថា ការិយាល័យនេះមិនត្រឹមតែមានតួនាទីជាអ្នកផ្សះផ្សារវិវាទរវាងប្រជាពលរដ្ឋ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌប៉ុណ្ណោះទេ តែការិយាល័យនេះថែមទាំងជួយកសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរដ្ឋបាលក្រុង ស្រុក ខណ្ឌទៀតផង។
នៅទីបញ្ចប់ ឯកឧត្តមបានណែនាំដល់ថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំង៣២គោលដៅថ្មី ឱ្យមានការយកចិត្តទុកដាក់ ដើម្បីទទួលបានចំណេះដឹងអំពីកិច្ចប្រជុំនេះ និងស្វែងយល់ឱ្យបានច្បាស់អំពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព និងស្របតាមក្របខណ្ឌពេលវេលាដែលបានកំណត់។




