ព័ត៌មានលម្អិត

កិច្ចប្រជុំបូកសរុបលទ្ធផលនៃការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ថ្ងៃចេញផ្សាយ: October 8, 2022

ប្រភព: OWSO

ខេត្តកណ្ដាល៖ នាថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារនាយកដ្ឋានមុខងារ និងធនធានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្តកណ្ដាល លោក ជី ស៊ីវត្ថា នាយករដ្ឋបាលខេត្តកណ្ដាល គ្រូបង្គោលបច្ចេកទេសនៃកម្មវិធីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត នាយករដ្ឋបាល និងប្រធានការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន២៧គោលដៅក្នុងចំណោម៤៩គោលដៅ ដែលបានអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យានេះ សរុបប្រមាណ ៨៥នាក់។
ការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានគោលបំណង៖
១. ធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៃការអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ
២. ពិភាក្សាបញ្ហាប្រឈមនានាដែលក្រុង ស្រុក ខណ្ឌគោលដៅបានជួបប្រទះនាពេលកន្លងមក និងដាក់ទិសដៅសម្រាប់អនុវត្តបន្ដ។
ជាចុងបញ្ចប់ ឯកឧត្តម បួន ហេង បានផ្ដាំផ្ញើដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌដែលអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ រួមមាន៖
– ស្នើសុំគ្រូបង្គោលបច្ចេកទេសនៃកម្មវិធីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត បន្ដការគាំទ្រ តាមដាន និងត្រួតពិនិត្យលើការអនុវត្តកម្មវិធីព័ត៌មានវិទ្យាដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌដែលកំពុងប្រើប្រាស់ប្រព័ន្ធនេះ
– ស្នើសុំនាយករដ្ឋបាលក្រុង ស្រុក ខណ្ឌ រាយការណ៍ជូនដល់គណៈអភិបាលក្រុង ស្រុក ខណ្ឌ ផ្ដល់ការគាំទ្រដល់ការអនុវត្តការងារកំណែទម្រង់ការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយទាំងថ្នាក់ក្រុង ស្រុក ខណ្ឌ និងថ្នាក់ឃុំ សង្កាត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូចខាងក្រោម៖
១. សម្រាប់ការិយាល័យច្រកចេញចូលតែមួយដែលមិនមានមន្ត្រី ស្នើសុំពិនិត្យលទ្ធភាពចាត់តាំងមន្ត្រីយ៉ាងតិចណាស់ចំនួន១រូប ឱ្យមកប្រចាំការនៅផ្នែកជួរមុខនៅការិយាល័យច្រកចេញចូលតែមួយ
២. រដ្ឋបាលក្រុង ស្រុក ខណ្ឌត្រូវបន្ដការគាំទ្របន្ថែមទៅលើការបំពាក់សម្ភារៈ(បណ្ដាញអ៊ីនធើណិត , កុំព្យូទ័រ -ល-) សម្រាប់ការអនុវត្តកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវារដ្ឋបាលនៅតាមការិយាល័យច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ព័ត៌មានថ្មីៗ

មតិយោបល់