ព័ត៌មានលម្អិត

កិច្ចប្រជុំបូកសរុបលទ្ធផលនៃការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ប្រភព: OWSO

ខេត្តបាត់ដំបង៖ ដោយមានការគាំទ្រពីអង្គការ GIZ តាមរយៈកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល(DAR) នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមការងាររៀបចំកម្មវិធីព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គោលដៅចំនួន២០ ដែលដឹកនាំដោយលោក អ៊ឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារ និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានការិយាល័យច្រកចេញចូលតែមួយ និងមន្ត្រីជួរមុខនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គោលដៅសាកល្បងទាំង២០ សរុបចំនួនប្រមាណ ៥០រូប នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
សូមបញ្ជាក់ថាកន្លងមក អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានរៀបចំការកែសម្រួល និងអភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ និងបានដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យានេះនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅចំនួន២០នៃរដ្ឋបាលរាជធានី ខេត្តចំនួន០៣ រួមមាន៖
– រាជធានីភ្នំពេញមាន៖ ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ
– ខេត្តបាត់ដំបង៖ ក្រុងបាត់ដំបង ស្រុកថ្មគោល ស្រុកកំរៀង ស្រុកមោងឫស្សី ស្រុកបាណន់ ស្រុកបវេល
– និងខេត្តកំពង់ចាម៖ ស្រុកព្រៃឈរ ស្រុកស្រីសន្ធរ ស្រុកស្ទឹងត្រង់ ស្រុកកងមាស ស្រុកកោះសូទិន ស្រុកចំការលើ ស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម។

ព័ត៌មានថ្មីៗ

មតិយោបល់