ព័ត៌មានលម្អិត

កិច្ចប្រជុំដើម្បីប្រមូលទិន្នន័យគម្រោង “គាំទ្រកម្ពុជាឌីជីថលសម្រាប់គម្រោងអភិវឌ្ឍន៍ក្របកដោយបរិយាបន្ន” ស្ដីពីការសិក្សាគំរូរដ្ឋាភិបាលឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ប្រភព: OWSO

ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងាររបស់នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចូលរួមកិច្ចប្រជុំដើម្បីចុះប្រមូលទិន្នន័យគម្រោង “គាំទ្រកម្ពុជាឌីជីថលសម្រាប់គម្រោងអភិវឌ្ឍន៍ក្របកដោយបរិយាបន្ន” ស្ដីពីការសិក្សាគំរូរដ្ឋាភិបាលឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។

កិច្ចប្រជុំនេះរៀបចំឡើងក្រោមកិច្ចសហការរបស់លេខាធិការដ្ឋាន គ.ជ.អ.ប និងក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុន Pricewaterhousscoopers នៅប្រទេសឥណ្ឌា និងដោយមានការអញ្ជើញចូលរួមពីលោកជំទាវ កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង នាយកទីចាត់ការធនធានមនុស្ស មន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា ប្រធានអង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីពាក់ព័ន្ធចំណុះសាលាខេត្តស្ទឹងត្រែង ចំនួន១៣រូប។

សូមបញ្ជាក់ថា គម្រោង “គាំទ្រកម្ពុជាឌីជីថលសម្រាប់គម្រោងអភិវឌ្ឍន៍ក្របកដោយបរិយាបន្ន” ស្ដីពីការសិក្សាគំរូរដ្ឋាភិបាលឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានសម្ពោធដាក់អោយអនុវត្តកាលពីថ្ងៃទី២៨ ខែកក្កដា ​ឆ្នាំ២០២១កន្លងទៅ។

ដើម្បីអោយការសិក្សាអនុវត្តគម្រោងនេះកាន់តែមានប្រសិទ្ធភាព ក្រុមការងារបច្ចេកទេសរបស់គម្រោងត្រូវចុះធ្វើការសិក្សាអោយបានសុីជម្រៅ និងប្រមូលធាតុពាក់ព័ន្ធសំខាន់ៗ ពិសេសការប្រើប្រាស់កម្មវិធី ឬបច្ចេកវិទ្យាផ្សេងៗទៀតដែលបាននឹងកំពុងអនុវត្ត និងត្រៀមសម្រាប់គាំទ្ររដ្ឋាភិបាលឌីជីថលនៅកម្ពុជា។
កម្មវិធីចុះសិក្សានេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នៅតាមខេត្ត ក្រុង ស្រុកគោលដៅរួមមាន ខេត្តស្ទឹងត្រែង (ក្រុងស្ទឹងត្រែង និងស្រុកសៀមប៉ាង) ខេត្តបាត់ដំបង (ក្រុងបាត់ដំបង និងស្រុកសំឡូត) និងខេត្តព្រះសីហនុ ( ក្រុងព្រះសីហនុ និងស្រុកកំពង់សីលា)។

ព័ត៌មានថ្មីៗ

មតិយោបល់