ព័ត៌មានលម្អិត
កិច្ចប្រជុំជាមួយក្រុមការងារធនាគារពិភពលោកពាក់ព័ន្ធនឹងការរៀបចំផែនការ សម្រាប់កំណែទម្រង់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្រោមប្រធានបទ “ការគ្រប់គ្រងធនធាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ប្រភព: OWSO
ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំតាមរយៈVideo Conference ជាមួយក្រុមការងាររបស់ធនាគារពិភពលោក ដឹកនាំដោយឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពីឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធចំនួន៨រូប។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលើប្រធានបទ ការគ្រប់គ្រងធនធាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្រុមការងារធនាគារពិភពលោកមានគោលដៅ៖ ១)-ប្រមូលទិន្នន័យចាំបាច់សម្រាប់ធ្វើការវិភាគលើស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងការប្រមូល និងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់រៀបចំផែនការកំណែទម្រង់ ២)-ពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងស្វែងរកធាតុចូលបន្ថែមលើទិដ្ឋភាពគន្លឹះពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធដែលត្រូវធ្វើការកែសម្រួល និងដាក់បញ្ជូលក្នុងផែនការកំណែទម្រង់។
