ព័ត៌មានលម្អិត

ការសិក្សាប្រមូលធាតុចូលដើម្បីរៀបចំសៀវភៅណែនាំស្តីពីបច្ចេកទេសស៊ើបអង្កេតបណ្តឹងសម្រាប់ការិយាល័យប្រជាពលរដ្ឋ

ប្រភព: OWSO

នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានកិច្ចសហប្រតិបត្តិការគាំទ្រពីកម្មវិធីកំណែទម្រង់វិមជ្ឈការនិងរដ្ឋបាល(DAR/GIZ)បានចាប់ផ្តើមកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅមួយចំនួន ដើម្បីប្រមូលធាតុចូលក្នុងការរៀបចំសៀវភៅណែនាំស្តីពីបច្ចេកទេសស៊ើបអង្កេតបណ្តឹងសម្រាប់ការិយាល័យប្រជាពលរដ្ឋតាមប្រព័ន្ធZOOM។
កិច្ចពិភាក្សានេះប្រព្រឹត្តទៅជាបន្តបន្ទាប់ជាមួយរាជធានី ខេត្តគោលដៅដែលបានជ្រើសរើសចំនួន១២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ដែលដឹកនាំ និងសម្របសម្រួលដោយលោក គង់ ផល្លៈ ទីប្រឹក្សាកម្មវិធីកំណែទម្រង់វិមជ្ឈការនិងរដ្ឋបាល(DAR/GIZ) និងមន្ត្រីជំនាញនៃនាយកដ្ឋានមុខងារ និងធនធាន ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ តំណាងសភាពាណិជ្ជកម្ម តំណាងអង្គការសង្គមស៊ីវិល ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ នៃរដ្ឋបាលធានី ខេត្តគោលដៅនីមួយៗ។
គោលដៅរាជធានី ខេត្តទាំង១២ដែលត្រូវចូលរួមក្នុងកិច្ចប្រជុំពិភាក្សានេះ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម បាត់ដំបង កំពង់ស្ពឺ ស្វាយរៀង កណ្តាល រតនគិរី សៀមរាប ព្រៃវែង តាកែវ ឧត្តរមានជ័យ និងខេត្តមណ្ឌលគិរី ព្រមទាំងក្រុង ស្រុក ខណ្ឌមួយចំនួនក្នុងគោលដៅរាជធានី ខេត្តទាំងនេះផងដែរ។
ការសិក្សាប្រមូលធាតុចូលនេះ នឹងជួយឱ្យការរៀបចំសៀវភៅណែនាំស្តីពីបច្ចេកទេសស៊ើបអង្កេតបណ្តឹងសម្រាប់ការិយាល័យប្រជាពលរដ្ឋមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងកាន់តែស៊ីជម្រៅ តាមរយៈការធ្វើកិច្ចសម្ភាសន៍ ការពិក្សាដើម្បីទទួលយកនូវមតិយោបល់ល្អៗពីភាគីពាក់ព័ន្ធនានាផងដែរ។
—–

 

ព័ត៌មានថ្មីៗ

មតិយោបល់