ព័ត៌មានលម្អិត
ការចុះសិក្សា និងវាយតម្លៃរបស់ក្រុមការងារបច្ចេកទេសអន្តរក្រសួងលើការអនុវត្តមុខងារក្នុងវិស័យអប់រំដែលបានធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលក្រុង ស្រុក នៃខេត្តកំពត
ថ្ងៃចេញផ្សាយ: January 11, 2023
ប្រភព: OWSO
ខេត្តកំពត៖ ចាប់ពីថ្ងៃទី១០ និងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសអន្តរក្រសួង បានចុះសិក្សា និងវាយតម្លៃលើការអនុវត្តមុខងារក្នុងវិស័យអប់រំដែលបានធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលក្រុង ស្រុកនៃខេត្តកំពត។ ក្រុមការងារបច្ចេកទេសនេះ ដឹកនាំដោយ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប)។
ក្រុមការងារអន្តរក្រសួងនេះ មានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខាធិការដ្ឋានជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) និងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។
ការចុះសិក្សានេះគឺជាលើកទី៣ មានរយៈពេល២ថ្ងៃ ដោយក្រុមការងារអន្តរក្រសួងបានចុះពិភាក្សា និងជួបសម្ភាសជាមួយអ្នកពាក់ព័ន្ធមួយចំនួន ដោយមានការអញ្ជើញចូលរួមពីលោក អ៊ឹង ឆាយ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរមុខងារសាធារណៈ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារខេត្ត អភិបាលក្រុង ស្រុក ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយកសាលា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស នៅក្រុង ស្រុកចំនួន៣ គោលដៅនៃខេត្តកំពត រួមមាន៖ ក្រុងកំពត ស្រុកដងទង់ និងស្រុកឈូក។
ការចុះសិក្សា វាយតម្លៃនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលស្ថានភាព វឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្តមុខងារក្នុងវិស័យអប់រំដែលបានធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលក្រុង ស្រុកនាពេលកន្លងមក។
សម្រាប់ផែនការបន្ទាប់ ក្រុមការងារអន្តរក្រសួង នឹងបន្តចុះសិក្សា វាយតម្លៃជាមួយបណ្តាខណ្ឌមួយចំនួនទៀតនៅរាជធានីភ្នំពេញ ដែលជាគោលដៅបញ្ចប់នៃផែនការសកម្មភាពការងារ។
