ព័ត៌មានលម្អិត
ការចុះសិក្សាអំពីការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនជាមួយនឹងរដ្ឋបាលខេត្តកណ្តាល ក្រុងតាខ្មៅ និងស្រុកកៀនស្វាយនៃខេត្តកណ្តាល
ថ្ងៃចេញផ្សាយ: September 5, 2019
ប្រភព: OWSO
នាថ្ងៃទី០៥ និងទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តកណ្តាល៖ ក្រុមការងារអន្តរក្រសួងដែលមានតំណាងក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលេខាធិការដ្ឋានគ.ជ.អ.ប ដែលដឹកនាំដោយឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងសម្របសម្រួលលើការផ្ទេរ និងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តកណ្តាល រដ្ឋបាលក្រុងតាខ្មៅ និងរដ្ឋបាលស្រុកកៀនស្វាយ អំពីស្ថានភាពនៃការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងការប្រើប្រាស់កញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងដើម្បី៖
- សិក្សាស្វែងយល់អំពីស្ថានភាពទូទៅនៃការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរបស់រដ្ឋបាលក្រុង ស្រុក
- ការប្រើប្រាស់កញ្ចប់ថវិកាសេវាអនាម័យបរិស្ថានរបស់រដ្ឋបាលក្រុង និង
- បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តមុខងារ និងការប្រើប្រាស់កញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន។
កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់លើការអនុវត្តការងារគ្រប់គ្រងសំរាម សំណល់រឹង រួមមាន៖ តួនាទីរបស់រដ្ឋបាលខេត្ត ក្រុង និងស្រុក, ការចុះកិច្ចសន្យាប្រមូលសំរាម, ការអនុវត្តការផ្តល់សេវាប្រមូលសំរាម, ការកំណត់ និងការប្រមូលកម្រៃសេវាប្រមូលសំរាមតាមខ្នងផ្ទះប្រជាពលរដ្ឋ និងទីតាំងអាជីវកម្ម, ការគ្រប់គ្រងទីលានចាក់សំរាម, ការប្រើប្រាស់ឡដុតសំរាម និងការប្រើប្រាស់កញ្ចប់សេវាអនាម័យបរិស្ថានរបស់រដ្ឋបាលក្រុង។ ព្រមជាមួយនេះ ក្រុមការងារ ក៏បានសិក្សាស្វែងយល់អំពីបញ្ហាប្រឈមនៃការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនដែលរដ្ឋបាលខេត្ត ក្រុង និងស្រុកបាននិងកំពុងជួបប្រទះ។
សម្រាប់ទិសដៅបន្ត ក្រុមការងារអន្តរក្រសួង នឹងបន្តធ្វើការចុះទៅសិក្សានៅខេត្ត ក្រុង ស្រុកគោលដៅមួយចំនួនទៀត ដើម្បីស្វែងយល់បន្ថែមឱ្យបានកាន់តែស៊ីជម្រៅអំពីស្ថានភាព និងបញ្ហាប្រឈមនៃការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
