ព័ត៌មានលម្អិត

ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេសពាក់ព័ន្ធការផ្តល់សេវាជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តពោធិ៍សាត់

ថ្ងៃចេញផ្សាយ: November 11, 2026

ប្រភព: OWSO

ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេសពាក់ព័ន្ធការផ្តល់សេវាជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តពោធិ៍សាត់
……………………….

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេសពាក់ព័ន្ធការផ្តល់សេវាជូនរដ្ឋបាលថ្នាក់ក្រោមជាតិ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។
ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង គ.គ.ស និង ឯកឧត្តម ហៀម ឃួន អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោក អ៉ឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន ប្រធានអង្គភាពច្រកចេញចូលតែមួយ ព្រមទាំងថ្នាក់ដឹកនាំក្រុង-ស្រុក ប្រធាន អនុប្រធាន និងមន្ត្រីជួរមុខនៃការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង-ស្រុក មកពីបណ្តាខេត្តគោលដៅចំនួន ២០ សរុបប្រមាណ ១៣០នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖
-លើកកម្ពស់ការយល់ដឹង និងសមត្ថភាពបំពេញការងារជូនថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន និងមន្ត្រីជួរមុខនៃការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក
-ផ្សព្វផ្សាយគោលការណ៍ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយឱ្យកាន់តែច្បាស់លាស់
-ណែនាំអំពីស្តង់ដារនៃការរៀបចំទីកន្លែង ការបំពាក់សម្ភារ បរិក្ខារ និងការរៀបចំបុគ្គលិកសម្រាប់ការផ្តល់សេវា
-ពង្រឹងការអនុវត្តក្រមសីលធម៌ និងបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
-ពង្រឹងយន្តការគ្រប់គ្រងចំណូល និងនីតិវិធីបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តម បួន ហេង បានគូសបញ្ជាក់ថា ការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋ គឺជារូបភាពដ៏សំខាន់នៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមានគោលដៅបង្ខិតការផ្តល់សេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិឆ្លើយតបសំណូមពរទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដែលនេះជាការងារអាទិភាពបន្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានគូសរំលេចអំពីវឌ្ឍនភាពនៃការធ្វើទំនើបកម្មសេវារដ្ឋបាលតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រួមទាំងការដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃ (OWSM CAMBODIA) និងការទូទាត់កម្រៃសេវាតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។
ជាចុងក្រោយ ឯកឧត្តមអគ្គនាយករង បានផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមឱ្យបានពេញលេញ ត្រងត្រាប់ស្តាប់បទបង្ហាញរបស់គ្រូបង្គោល ព្រមទាំងចូលរួមពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងចោទសួររាល់ចំណុចមិនទាន់ច្បាស់លាស់ជាមួយគ្រូបង្គោលឱ្យបានផុសផុល ដើម្បីធានាឱ្យការយកចំណេះដឹងទាំងនេះទៅអនុវត្តជាក់ស្តែងនៅមូលដ្ឋានទទួលបានប្រសិទ្ធភាពខ្ពស់ បម្រើប្រជាពលរដ្ឋកាន់តែឆាប់រហ័ស តម្លាភាព និងគណនេយ្យភាព៕
……………………….
អត្ថបទដោយ៖ ណ.រ

ព័ត៌មានថ្មីៗ

មតិយោបល់