ខេត្តតាកែវ៖ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃ គ.គ.ស បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គតម្រង់ទិសស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌចំនួន៦៨គោលដៅ នៅសាលប្រជុំសាលាខេត្តតាកែវ។
ពិធីបិទវគ្គតម្រង់ទិសនេះមានការចូលរួមពីសំណាក់លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន លោក ហាស់ កុសល អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន ព្រមទាំងលោក លោកស្រី ប្រធាន និងបុគ្គលិកជំនួយការរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ សរុបចំនួន ១០៩នាក់។
វគ្គតម្រង់ទិសវគ្គទី២ រយៈពេល០២ថ្ងៃ បានបញ្ចប់ដោយជោគជ័យ ស្របតាមកម្មវិធីដែលបានគ្រោងទុក និងទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទន:។
សូមបញ្ជាក់ដែរថា វគ្គតម្រង់ទិសស្តីពីការប្រេីប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ វគ្គទី១ គឺប្រព្រឹត្តទៅនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ ដែលមានការិយាល័យប្រជាពលរដ្ឋចំនួន៦៦គោលដៅ និងសមាសភាពពាក់ព័ន្ធចូលរួមសរុបចំនួន១០៣ នាក់។
នៅទីបញ្ចប់ ឯកឧត្តម បួន ហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សិក្ខាកាមទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងវគ្គតម្រង់ទិស ព្រមទាំងមានប្រសាសន៍ផ្តាំផ្ញើនួវកិច្ចការសំខាន់ៗមួយចំនួន និងបិទវគ្គតម្រង់ទិសនេះប្រកបដោយបរិយាកាសរីករាយ។