News Detail

សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំស្តីពីការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

Published Date: December 9, 2025

Resource: OWSO

រាជធានីភ្នំពេញ៖ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ដែលជាអង្គភាពគ្រប់គ្រងគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងប្រចាំឆ្នាំនៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ។
ពិធីបើកសិក្ខាសាលាប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុកនៃខេត្តគោលដៅ រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះសីហនុ រួមទាំងតំណាងធនាគារពិភពលោក ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនពាក់ព័ន្ធ សរុបប្រមាណ ១៥០រូប។
សិក្ខាសាលារយះពេលមួយថ្ងៃនេះប្រព្រឹត្តទៅដោយរលួន និងសម្រេចបានលទ្ធផលគួរជាទីមោទន: ស្របតាមរបៀបវារ:សំខាន់ដូចខាងក្រោម៖
១). ពិនិត្យមើលសមិទ្ធផលការងារដែលសម្រេចបាន និងពិភាក្សាលើបញ្ហាប្រឈម និងកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្ត
២). សិក្សាស្វែងយល់ និងចែករំលែកបទពិសោធន៍ល្អៗ ពាក់ព័ន្ធការផ្តួចផ្តើមក្នុងការគ្រប់គ្រងសំរាម សំណល់រឹង តាមបែបផែននៃការគ្រប់គ្រងថ្មី និង
៣). រៀបចំជាវេទិកាដែលផ្តល់ឱកាសឱ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុកគោលដៅនៃគម្រោង និងអ្នកពាក់ព័ន្ធនានាលើកឡើងជាមតិយោបល់ផ្សេងៗ ដើម្បីចូលរួមចំណែកកែលម្អការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមក្របខ័ណ្ឌការងាររបស់គម្រោង។
ពិធីបិទសិក្ខាសាលាបានប្រព្រឹត្តទៅនារសៀលថ្ងៃដដែលនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ត្រូវបានអនុវត្តជាធរមានកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមការគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) ដែលមានទឹកប្រាក់សរុបចំនួន ៦៧.៣លានដុល្លារអាមេរិក។ គម្រោងនេះ គឺជាការសហការអនុវត្តរួមគ្នារវាងក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយត្រូវអនុវត្តនៅក្នុងខេត្តគោលដៅចំនួន៥ រួមមាន៖ ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។ ក្នុងចំណោមខេត្តគោលដៅចំនួន៥ ខាងលើ រដ្ឋបាលខេត្តចំនួន៣ រួមមាន៖ ខេត្តសៀមរាប ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺនឹងទទួលបានការសាងសង់ទីលានទុកដាក់សំរាមស្តង់ដាអនាម័យ។

Recently News