News Detail

វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយ

Published Date: November 26, 2025

Resource: OWSO

ខេត្តបាត់ដំបង ៖ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយ ជូនដល់រដ្ឋបាលក្រុង និងស្រុកនៃខេត្តចំនួន៩ រួមមាន៖ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក បួន ចំរើន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងធនាគារជាតិ នៃកម្ពុជា តំណាងធនាគារអភិវឌ្ឍន៍អាស៊ី អភិបាលរងក្រុង ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានការិយាល័យច្រកចេញចូលតែមួយលោក និងមន្រ្តីពាក់ព័ន្ធសរុប ៨៥រូប។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីធានាថា កម្មវិធីព័ត៌មានវិទ្យានេះអាចដំណើរការបានដោយរលូននៅរដ្ឋបាលក្រុង ខណ្ឌ គោលដៅខាងលើ មុននឹងអាចបន្តពង្រីកការអនុវត្តនៅរដ្ឋបាលក្រុង ស្រុកខណ្ឌក្នុងក្របខ័ណ្ឌទូទាំងប្រទេសផងដែរ។
សូមបញ្ជាក់ដែរថា តាមរយៈកម្មវិធីព័ត៌មានវិទ្យានេះ ប្រជាពលរដ្ឋអាចធ្វើការដាក់ពាក្យស្នើសុំសេវារបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនចាំបាច់ធ្វើដំណើរមកដាក់ពាក្យស្នើសុំសេវា និងបង់កម្រៃសេវាដោយផ្ទាល់នៅការិយាល័យច្រកចេញចូលតែមួយឡើយ។ ចំណុចនេះនឹងចូលរួមចំណែកសន្សំទាំងពេលវេលា ទាំងថវិកា ព្រមទាំងកាត់បន្ថយហានិភ័យនៃការធ្វើដំណើរជូនប្រជាពលរដ្ឋផងដែរ។
កម្មវិធីព័ត៌មានវិទ្យានេះបានអនុញ្ញាតឱ្យមានការទទួលសេវាតាមប្រព័ន្ធអនឡាញលើប្រភេទសេវាចំនួន៩សេវា ក្នុងវិស័យចំនួន៣ សម្រាប់ការអនុវត្តសាកល្បង រួមមាន៖
១. ការងារនីត្យានុកូលកម្ម (ចំនួន៣សេវា) រួមមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ
២. ការងារអត្រានុកូលដ្ឋាន (ចំនួន៣សេវា)៖ សេចក្ដីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ និងសេចក្ដីចម្លងសំបុត្រមរណភាព ឬសំបុត្របញ្ជាក់មរណភាព
និង
៣. វិស័យទេសចរណ៍ (ចំនួន៣សេវាចំពោះសេវាអាជ្ញាប័ណ្ណផ្ទះសំណាក់ចាប់ពី០៨បន្ទប់ចុះក្រោម)៖ ការស្នើសុំបើកថ្មី ការស្នើសុំបន្តសុពលភាព និងការស្នើសុំប្តូរម្ចាស់។
ដើម្បីស្នើសុំសេវារដ្ឋបាលទាំងនេះតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយនៃគោលដៅដែលបានដាក់អនុវត្តសាកល្បងខាងលើបាន សូមចូលទៅកាន់គេហទំព័រhttps://onlinedmk.owso.gov.kh

Recently News