ព័ត៌មានលម្អិត

ឯកឧត្តម សក់ សេដ្ឋា រដ្ឋ​លេខាធិការ​ ក្រសួង​មហាផ្ទៃ​បាន​ដឹក​នាំ​ប្រតិភូ​ចុះ​សាក​សួរ​សុខ​ទុក្ខ​នគរបាល​ការពារ​ព្រំដែន​

ថ្ងៃចេញផ្សាយ: April 6, 2018

ប្រភព: OWSO

ខេត្តបន្ទាយមានជ័យ៖ ​ឯកឧត្តម​​ សក់​ សេដ្ឋា​​ រដ្ឋលេខា  ធិការ​ ក្រសួងមហាផ្ទៃ ​និង​ជាប្រធាន​លេខាធិការ​ដ្ឋាន​គ.ជ.អ.ប​ តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេចក្រឡាហោម​​ ស​ ខេង​​ ឧបនាយករដ្ឋមន្រ្តី​​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​​ បាន​ដឹកនាំ​ប្រតិភូចុះ​​ សាក​សួរសុខ​ទុក្ខ​នគរបាល​ការពារ​ព្រំដែន​លេខ៨៩១​​ .៩១១​​ .៨០៧​​ និង៨១៥ ​ព្រម​​ទាំង​នាំ​យកអំណោយ​និង​ថវិកា​សម្រាប់​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​នៅថ្ងៃសុក្រ ​៦រោច​ ខែចេត្រ ឆ្នាំរកា ​នព្វស័ក ​ព.ស២៥៦១ ​ត្រូវនឹងថ្ងៃទី៦​​ ខែមេសា​​ ឆ្នាំ២០១៨​។​

ក្នុងឱកាសនោះ​​ ឯកឧត្តម​ ​សក់​ សេដ្ឋា​​ បានមានប្រសាសន៍ថា​​ ក្រោមយុទ្ធសាស្រ្តឈ្នះ​ ឈ្នះ​​ របស់សម្តេចតេជោ​​ ហ៊ុន​ សែន​ ​នាយករដ្ឋមន្រ្តី​​ ប្រទេសេជាតិ​មានសន្តិសុខ​ ​និង​មាន​ការ​អភិវឌ្ឍ​លើគ្រប់វិស័យ​​ ក្នុងនោះ​ការធ្វើ​ពលិកម្ម​បំពេញ​ការងារ​ទាំងយប់​ទាំងថ្ងៃ​របស់​កង​កម្លាំង​នគរបាល​ការពារព្រំដែន​​ រួម​ជាមួយកងយោធពល​​ខេមរភូមិន្ទ​​ពិតជា​បានចូលរួម​យ៉ាងសំខាន់​ក្នុង​ការរក្សាសន្តិភាព​​ សន្តិសុខ​​នៅ​តាម​តំបន់​ព្រំ​ដែន​​និង​ភាព​សុខសាន្ត​ ​និង​ការរីក​ចម្រើន​ជូន​ប្រជា​ពលរដ្ឋ។​

ជាមួយគ្នានេះ​​ ឯកឧត្តម​​ សក់​ សេដ្ឋា​​ ​បានបន្តថា​ ក្នុង​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ​​ សម្តេច​ក្រឡាហោម​​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​​តែងតែ​គិតគូរ​យកចិត្ត​ទុកដាក់​ដល់​ជីវភាព​រស់​នៅ​និង​ការ​ពង្រឹង​​សមត្ថភាព​នគរបាល​ជាតិ​។

ក្នុង​ឱកាសនោះដែរ​ ​ឯកឧត្តម​ ​សក់​ សេដ្ឋា​​ បាន​ធ្វើការណែនាំ​​មួយ​ចំនួន​ដូចខាងក្រោម​ :​

១.​ត្រូវយក​ចិត្ត​ទុក​ដាក់​ពង្រឹង​អង្គភាព​​ឱ្យក្លាយ​ជា​អង្គភាព​​រឹងមាំ​​ មានវិន័យល្អ​​ ដើម្បី​លើក​កំពស់​កិត្យានុភាព​មោទនភាព ​​និង​សេចក្តីថ្លៃថ្នូ​រ​របស់ជាតិ។

២.​ត្រូវ​ខិតខំ​បង្កា​រ​ និង​ទប់ស្កាត់​បទល្មើស​ឆ្លងកាត់​ព្រំដែន​​ មាន​បញ្ហា​គ្រឿងញៀន​​ជាដើម​ ហើយ​បាន​អំពាវ​នាវដល់​កងកម្លាំង​ទាំងអស់​ត្រូ​វតែចៀសឲ្យឆ្ងាយ​ ​និង​ធានា​ថាកម្លាំងយើង​ទាំងអស់​មិនពាក់ព័ន្ធនឹង​បញ្ហាគ្រឿង​ញៀន។

៣.​ត្រូវសហការល្អ​​ជាមួយអាជ្ញាធរ​​ និង​ប្រទេសជិត​ខាង​បន្តរក្សាឱ្យបាននូវសន្តិសុខ​​ សណ្តាប់​ធ្នាប់​តាមតំបន់​ព្រំដែន​ ។

ជាមួយ​នឹង​ការនឹករលឹក​ពីថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​​ និងក្រសួងមហាផ្ទៃ​​ ឯកឧត្តម​​ សក់​ សេដ្ឋា​ ​បាននាំយកនូវថវិកា​​ និង​គ្រឿង​ឧបភោគ​​បរិភោគ​ផ្តល់ជូនដូចជា​៖​

១.​វរនគបាល​ការពារ​ព្រំដែន​ទាំង៤វរសេនាតូច​​ ដោយ​ក្នុង១​វរសេនា​តូច​ទទួលបាន:​

មី​កញ្ចប់​​២០៥​កេស​ ត្រីខ១៦​​កេសទឹកសុទ្ធ​៥៤កេស​​ ​ត្រីងៀត​៥០គីឡូក្រាម​​ និងថវិកា​​ ៣លានរៀល​​

​២.​នគបាលជាង​៥០០នាក់​ម្នាក់ៗ​ទទួល​បានថវិកា​៥ម៉ឺនរៀល​។

ព័ត៌មានថ្មីៗ

មតិយោបល់