ព័ត៌មានលម្អិត

វគ្គ​បណ្ដុះ​បណ្ដាល​ ស្ដី​ពី​តួនាទី ​ភារកិច្ច​ និង​របៀប​របប​បំពេញ​ការងារ​របស់​ការិយាល័យ​ច្រកចេញចូលតែមួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​

ថ្ងៃចេញផ្សាយ: January 30, 2019

ប្រភព: OWSO

ខេត្តបាត់ដំបង៖​ នាព្រឹក​ថ្ងៃចន្ទ​ ៨រោច​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​២៨​ ខែ​ មករា​ ឆ្នាំ​​២០១៩​ នាយកដ្ឋាន​មុខងារ និងធនធាន​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ ក្រសួងមហាផ្ទៃ​ បាន​រៀប​ចំ​​វគ្គ​បណ្ដុះបណ្ដាល​ ស្ដី​ពី​តួនាទី​ ភារកិច្ច​ និង​របៀបរបប​បំពេញ​​ការងារ​របស់​ការិយាល័យ​ច្រកចេញចូលតែមួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ ក្រោម​​អធិបតីភាព​​ ឯកឧត្តម​​ ស៊ វរិន​​ អគ្គនាយករង​​ នៃ​​អគ្គនាយកដ្ឋាន​​រដ្ឋបាល​​​ក្រសួង​មហាផ្ទៃ​​ និង​​ជា​​អនុ​ប្រធាន​​លេខាធិការដ្ឋាន​​ គ.ជ.អ.ប​​ ដោយ​​មាន​​កិច្ច​​សហ​ប្រតិបត្តិការ​​ជាមួយ​​គម្រោង​​សហភាព​​អឺរ៉ុប​​សម្រាប់​​គាំទ្រ​​ដល់​​កំណែ​ទម្រង់​​វិមជ្ឈការ​​ និង​​រដ្ឋបាល​​ (EU DAR)​ ។​​ ក្នុង​​ពិធី​​បើក​​វគ្គ​​បណ្ដុះ​​បណ្ដាល​នេះ​​មាន​​ការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​មហាផ្ទៃ​ តំណាង​រដ្ឋបាល​ខេត្ត​បាត់ដំបង​ តំណាង​អង្គការ​ GIZ​ និង​មន្ត្រី​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ស្រុកគោលដៅ​ចំនួន​១១ស្រុក​ដែល​រួមមាន៖​ ស្រុក​ឈូក​ ស្រុកទឹកឈូ​ ស្រុកសំរោងទង​ ស្រុករវៀង​ ស្រុកកៀនស្វាយ​ ស្រុកស្ទោង​ ស្រុកស្នួល​ ស្រុកបាកាន​ ស្រុកកំចាយមារ​ ស្រុកកំពង់សៀម​ និង​ស្រុកកំរៀង​ សរុប​ប្រមាណ​ ២១០នាក់​ នៅ​សាល​ប្រជុំ​សណ្ឋាគារ​ខេមរា​បាត់ដំបង១។​

គ្គ​បណ្ដុះ​បណ្ដាល​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​០៣ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​២៨-៣០​ ខែមករា​ ឆ្នាំ២០១៩​ ក្នុង​គោល​បំណង​ដើម្បី​ធ្វើ​ការ​បង្ហាត់​បង្ហាញ​ពី​តួនាទី​ ភារកិច្ច​ និង​របៀប​របប​បំពេញ​​ការងារ​របស់​​ការិយាល័យ​ច្រកចេញចូលតែមួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ឱ្យ​បានល្អ​ ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់រហ័ស​ តម្លាភាព​ និង​ គណនេយ្យភាព។​

ក្នុង​ពិធីបើក​វគ្គ​បណ្តុះបណ្តាល​ ឯកឧត្តម ស៊ វរិន​ អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ ក្រសួង​មហាផ្ទៃ​ និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន​ គ.ជ.អ.ប​ មាន​ប្រសាសន៍ថា​ វគ្គ​បណ្តុះ​បណ្តាល​នេះ​ មាន​គោល​បំណង​កសាង​សមត្ថភាព​ និង​ផ្តល់​បទ​ពិសោធន៍​ដល់​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​នៃ​ការិយាល័យ​ច្រកចេញចូលតែមួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ ដើម្បី​ផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ ប្រកប​ដោយ​គុណភាព​ ប្រសិទ្ធភាព​ តម្លាភាព​ គណនេយ្យភាព​ ឆ្លើយតប​តាម​តម្រូវការ​ និង​ពិសេស​ទទួល​បាន​ការ​ពេញចិត្ត​ពី​ប្រជាពលរដ្ឋ។​ ឯកឧត្តម​បន្តថា​ ក្រោយ​ពីការ​បណ្តុះបណ្តាល​រួចរាល់​ ក្រសួងមហាផ្ទៃ​នឹង​សម្ពោធ​ដាក់​ឱ្យ​អនុវត្ត​ការ​ផ្តល់​សេវា​តាម​ការិយាល័យច្រកចេញចូលតែមួយ​នៃ​ស្រុកគោលដៅថ្មី​ទាំង០៦​ក្នុងពេលឆាប់ៗ​ខាងមុខនេះ។​ នេះ​ជា​សមិទ្ធិផល​ថ្មីមួយទៀត​ បន្ថែម​លើ​ការិយាល័យ​ច្រកចេញចូលតែមួយ​នៃ​ក្រុង ស្រុក ខណ្ឌគោលដៅ​ ចំនួន៥២​ ដែលត្រូវ​បាន​បង្កើត​ និង​ដាក់ឱ្យ​ដំណើរ​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​រួច​ហើយ​។​ ជាមួយគ្នានេះ​ ឯកឧត្តម​បាន​បញ្ជាក់បន្ថែមថា​ វគ្គ​បណ្តុះបណ្តាលនេះ​​មាន​រយៈពេល​ចំនួន៣ថ្ងៃ​ មាន​ការ​ចូលរួម​ធ្វើបទ​បង្ហាញ​របស់​​ថ្នាក់ដឹកនាំ​នាយកដ្ឋានមុខងារ​និងធនធាន​ នៃ​អគ្គនាយកដ្ឋានរដ្ឋបាល​ក្រសួងមហាផ្ទៃ ​និងមន្ត្រី ​ទីប្រឹក្សា​​ដែល​មានបទពិសោធន៍​ ដោយ​ផ្តោត​លើប្រធានបទ​សំខាន់ៗ​ដូចជា​ គោលការណ៍​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ ​និង​ទស្សនទាន​នៃ​ការ​បង្កើត​ការិយាល័យច្រកចេញចូលតែមួយ​ តួនាទី ​ភារកិច្ច​ របៀបរបប​ធ្វើការងារ​របស់​ការិយាល័យ​ច្រកចេញចូលតែមួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ នីតិវិធី​ និង​បែបបទ​នៃ​ការ​សម្រុះសម្រួល​ដោះស្រាយពាក្យ​បណ្តឹង​របស់​ការិយាល័យប្រជាពលរដ្ឋ​ ក្រមសីលធម៌​សម្រាប់មន្ត្រី​ ដំណើរ​ការរៀបចំ​ផ្សព្វផ្សាយព័ត៌មាន​ បដិសណ្ឋារកិច្ច​ និង​ការ​ផ្តល់សេវាកម្មល្អ។​

នៅ​ថ្ងៃ​ចុងក្រោយ​នៃ​វគ្គ​បណ្តុះបណ្តាល​ សិក្ខា​កាម​ទាំងអស់​ត្រូវ​បាន​ផ្តល់​ឱកាស​ឱ្យ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅការិយាល័យ​ច្រកចេញចូលតែមួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ដើម្បី​ទទួល​បាន​បទពិសោធន៍​ផ្ទាល់​ក្នុង​ការ​បំពេញ​ការងារ​របស់​មន្ត្រី​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ។​

ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​នៅ​​ថ្ងៃ​ទី​៣០​​ ខែមករា​ ឆ្នាំ២០១៩​ លោក​ បួន ហេង​ ប្រធាននាយកដ្ឋាន​មុខងារ​​និងធនធាន​ធ្វើ​ការ​ផ្ដាំផ្ញើ​នូវ​ការងារ​មួយចំនួន​ដល់សិក្ខាកាម​ទាំងអស់​ត្រូវយកចិត្ត​ទុកដាក់​នៅ​ពេល​ត្រលប់ទៅវិញ​ដូច​ខាងក្រោម ៖​

​ទីមួយ៖​ ត្រូវ​យក​ចំណេះ​ដឹង​ដែល​ទទួល​បាន​ពី​វគ្គ​បណ្ដុះបណ្ដាល​នេះ​ និង​បទពិសោធន៍​នានា​ដែល​ទទួល​បាន​ពី​ទស្សនកិច្ច​សិក្សា​ យក​ទៅ​អនុវត្ដ​ឱ្យ​បាន​ជោគជ័យ​នៅ​មូលដ្ឋាន​របស់ខ្លួន​ ដើម្បី​រួមចំណែក​ជាមួយ​​រាជរដ្ឋាភិបាល​ក្នុង​ការ​កែទម្រង់​ការ​ផ្ដល់​សេវា​រដ្ឋបាល​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ។​ ពាក់ព័ន្ធ​នឹង​កិច្ចការនេះ​ លោក​​ពិត​ជា​មាន​សេចក្ដី​សង្ឃឹម​ និង​មាន​ការ​ជឿជាក់​យ៉ាង​មុតមាំថា​ ស្រុក​គោលដៅ​ថ្មី​ទាំង​១១​នេះ​នឹង​អនុវត្ដ​ការ​​ផ្តល់​​សេវា​​រដ្ឋបាល​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ​ប្រកប​ដោយ​ជោគជ័យ​ ដូច​ក្រុង​ ស្រុក​ ខណ្ឌ​គោលដៅ​ដទៃ​ទៀត​ដែលបាន​ និង​កំពុងអនុវត្ដ​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។​

ទីពីរ៖​ ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ និង​ស្វែងយល់​បន្ថែមទៀត​លើ​ឯកសារ​ គោលការណ៍​ និង​នីតិវិធី​ពាក់ព័ន្ធ​ពី​គ្រប់​មជ្ឈដ្ឋាន​ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ចំណេះដឹង​របស់ខ្លួន​ឱ្យ​ស្របតាម​ការ​រីក​ចម្រើន​ដ៏ឆាប់រហ័ស​នៃ​កំណែទម្រង់​ក្នុងសង្គមជាតិ​យើង​ ក៏​ដូចជា​នៅក្នុងតំបន់​ និង​នៅក្នុងសកលលោក​ផងដែរ។​

ក្នុង​ការ​អនុវត្ដ​ជាក់ស្ដែង​ ប្រសិន​បើ​មាន​បញ្ហា​ប្រឈម​ដែល​មិនអាច​ដោះស្រាយ​បាន​ ត្រូវ​ធ្វើការ​ទំនាក់ទំនង​ និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រុង ស្រុក ​ខណ្ឌគោលដៅ​ផ្សេងទៀត​ ជា​ពិសេស​ក្រុង​ ស្រុក​ ខណ្ឌគោលដៅ​ដែល​មាន​បទពិសោធន៍​ជា​យូរ​មក​ហើយ​ ដើម្បី​រៀន​សូត្រ​ពី​គ្នា​ទៅវិញ​ទៅមក។​

ទីបី៖​ ចំណេះ​ដឹង​​ និង​​បទ​ពិសោធន៍​​ដែល​​ទទួល​​បាន​​នៅ​ពេលនេះ​​ ជា​ធនធាន​ដ៏សំខាន់​មិនអាច​ខ្វះបាន​សម្រាប់​យក​ទៅ​អនុវត្ដ​នាពេលខាងមុខ​ឆាប់ៗ​នេះ។​ ក៏​ប៉ុន្ដែ​បើ​មាន​តែ​ចំណេះដឹង​ និង​បទ​ពិសោធន៍​ ដោយ​ខ្វះឆន្ទៈ​ និង​ការ​ប្ដេជ្ញាចិត្ដ​ ខ្វះសីលធម៌​ គ្មានឧត្ដមគតិ​ និង​មនសិកាវិជ្ជាជីវៈ​ នោះ​ជា​ប្រការ​មួយ​កាន់​តែ​គ្រោះថ្នាក់​ថែមទៀត​ក្នុង​ការ​អនុវត្ត​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ។​ អាស្រ័យហេតុនេះ​ លោក​​សូម​ឱ្យ​អស់​លោក​ លោកស្រី​ដែល​ជា​តួអង្គ​មួយ​ដ៏សំខាន់​នៃ​កំណែ​ទម្រង់​នេះ​ត្រូវ​យក​ចំណេះដឹង​ និង​បទពិសោធន៍​ដែល​ទទួល​បាន​ទាំងនេះ​ ទៅ​អនុវត្ដ​ប្រកបដោយ​​ស្មារតី​ទទួល​ខុសត្រូវខ្ពស់​ ប្រកប​ដោយ​ក្រមសីលធម៌​ និង​មនសិការ​វិជ្ជាជីវៈ។​ សូម​អស់​លោក​ លោកស្រី​ចាត់ទុកថា​ ភារកិច្ច​ដែល​អស់​លោក​ លោកស្រី​នឹង​ត្រូវ​បំពេញនេះ​ គឺជា​ភារកិច្ចស្នូល​ និង​អាទិភាព​ដែល​ត្រូវអនុវត្ត​ឱ្យ​ខាង​តែបាន។​

ទីបួន៖​ ដើម្បី​សម្រេច​បាន​នូវ​ភារកិច្ច​ទាំងអស់​នេះ​ប្រកប​ដោយ​ជោគជ័យ​ ចាំបាច់​ត្រូវ​មាន​របៀប​របប​ធ្វើ​ការងារ​មួយ​ច្បាស់លាស់​ ដោយ​មាន​ការ​បែង​ចែក​នូវតួនាទី​ ភារកិច្ច​ និង​ការទទួល​ខុសត្រូវ​ឱ្យ​បាន​ជាក់​លាក់​តាម​ផ្នែក​នីមួយៗ​ ស្រប​តាម​សមត្ថភាព​ និង​សមត្ថកិច្ច​រៀងៗខ្លួន​ ព្រម​ទាំងត្រូវ​ មាន​របប​ប្រជុំ​ជា​ទៀង​ទាត់​ដើម្បី​ដោះស្រាយ​បញ្ហា។​ របៀប​ធ្វើ​ការងារ​ជាក្រុម​ ការ​សាមគ្គីភាព​ផ្ទៃក្នុង​រឹងមាំ​ និង​កិច្ច​សហ​ប្រតិបត្ដិការ​ល្អ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នានា​ និង​ពី​គ្រប់​ផ្នែក​ក្នុង​រចនា​សម្ព័ន្ធ​នៃ​ការិយាល័យ​ច្រកចេញចូលតែមួយ​ គឺជា​កត្ដា​កំណត់​នូវ​ភាព​ជោគជ័យ​ដែល​ពុំអាច​ខ្វះបាន។​ ទន្ទឹមនឹងនេះ​ សូម​លោក​អភិបាល​ស្រុកគោលដៅ​ទាំង​អស់​ ត្រូវ​ធ្វើ​ការ​សហការ​ ពិភាក្សា​ ពិគ្រោះ​យោបល់​ជាមួយ​មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​នានា​ពាក់ព័ន្ធ​នឹង​ភាព​ពុំច្បាស់​លាស់​នៃ​ការងារ​បច្ចេកទេស​ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​​ទិន្នន័យ​អាជីវកម្ម​ សេវាកម្ម​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​ប្រតិភូកម្ម​ និង​ត្រៀម​ចុះ​ធ្វើការ​ស្រង់​ទិន្នន័យ​តាម​ទីកន្លែង​ អាជីវកម្ម​ក្នុង​ដែន​សមត្ថកិច្ច​របស់ក្រុង។​

ទីប្រាំ៖​ អភិបាលស្រុក​ ត្រូវ​រៀប​ចំ​ផែនការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ច្បាស់លាស់​ ដូចជា​ រៀបចំ​វេទិកា​សាធារណៈ​ប្រចាំឆមាស​ និង​ប្រចាំឆ្នាំ​ ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​ការិ​យាល័យ​ច្រកចេញចូលតែមួយ​ ដើម្បី​ឆ្លើយតប​នឹង​សំណើ​ សំណូមពរ​ និង​ទទួល​ព័ត៌មាន​ត្រឡប់​ពី​ប្រជាពលរដ្ឋ។​ ក្នុង​ការ​ត្រៀម​រៀប​ចំ​ចាត់ចែង​ និង​ធ្វើ​​ការ​​ផ្សព្វ​ផ្សាយ​​ជា​សាធារណៈ​អំពី​​តម្លៃ​​សេវា ​និង​​ពត៌មាន​​សំខាន់ៗ​​ផ្សេង​​ទៀត​ស្តីពី​​សេវា​​ ត្រូវ​ធ្វើ​ឡើង​តាម​គ្រប់​មធ្យោ​បាយ​នានា​ ដូចជា​ក្តារ​ព័ត៌មាន​សាធារណៈ​ បណ្ដាញ​​​ព័ត៌មាន​ ​បណ្ដាញ​សង្គម​ ខិត្តប័ណ្ណ​ វេទិកា​សាធារណៈ ​និង​កិច្ចប្រជុំ​នានាជាដើម​។​

ទីប្រាំមួយ៖​ ការិយាល័យ​ប្រជាពលរដ្ឋ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ទទួល​ និង​សម្រុះ​សម្រួល​​ដោះស្រាយ​​ពាក្យ​​បណ្តឹង​តវ៉ា​នានា​របស់​ប្រជាពលរដ្ឋ​ក្រៅ​​ប្រព័ន្ធ​​តុលាការ​​ ដែល​​ពាក់ព័ន្ធ​​នឹង​​ការ​​ផ្តល់​​សេវា​​សាធារណៈ​ និង​​ការ​គ្រប់គ្រង​រដ្ឋបាល​​​នៅ​ថ្នា​ក់​​​ក្រោម​​​​​ជាតិ​។​ ជាមួយគ្នា​នេះផងដែរ​ លោក​សូម​ផ្ដាំ​ផ្ញើ​ជូន​អស់​លោក​ លោកស្រី​ ប្រធាន​ការិយាល័យប្រជាពលរដ្ឋ​ ត្រូវ​យក​ចំណេះដឹង​ និង​បទពិសោធន៍​ ព្រមទាំងតួនាទី​ ភារកិច្ច​ដែលបាន​កំណត់​ទៅ​អនុវត្ដ​ឱ្យ​មាន​ប្រសិទ្ធភាពខ្ពស់​ ព្រម​ទាំង​ធ្វើ​សកម្មភាព​ដោយ​អព្យាក្រឹត​ សក្ដិសម​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​ដ៏ពិតប្រាកដ​ ដើម្បី​ធានា​ឱ្យការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ គុណភាព​ តម្លាភាព​ គណនេយ្យភាព​ និង​គ្មាន​អំពើពុករលួយ។​

ជាទីបញ្ចប់​ លោក​បាន​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ​ចំពោះវត្ដមាន​ដ៏ថ្លៃថ្លា​របស់​អស់​លោក ​លោកស្រី​ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបិទ​វគ្គ​បណ្ដុះបណ្ដាល​នា​ឱកាសនេះ​ និង​សូមជូនពរ​ ដល់​អស់លោក​ លោកស្រី​ទាំងអស់​ជួប​ប្រទះ​នូវ​ពុទ្ធពរ​ទាំងឡាយ​ ៤ប្រការគឺ​ អាយុ​ វណ្ណៈ ​សុខៈ ​និងពលៈ ​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ។

ព័ត៌មានថ្មីៗ

មតិយោបល់