ក្រសួងមហាផ្ទៃ៖ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានលើកឡើងថា ការអនុវត្តយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ាតាមការិយាល័យប្រជាពលរដ្ឋ គឺជាការអនុវត្តប្រកបដោយឆន្ទៈខ្ពស់ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំពីរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ផងដែរ។
ឯកឧត្តមថ្លែងបែបនេះក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្ដីពីការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគារ S ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា សរុបប្រមាណ ៥៥០រូប។
ឯកឧត្តម ចាន់ សុធា មានប្រសាសន៍ថា ការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមការិយាល័យប្រជាពលរដ្ឋបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០០៥ ដែលពេលនេះមានរយៈពេល២០ឆ្នាំហើយ។ ការអនុវត្តតំបូងជាការអនុវត្តសាកល្បងនៅក្រុងចំនួនពីរ គឺក្រុងបាត់ដំបង និងក្រុងសៀមរាបជាមួយប្រភេទសេវាមួយចំនួនក្នុងវិស័យចំនួន៧។
ឯកឧត្តមបានបញ្ជាក់ថា ប្រព័ន្ធការិយាល័យច្រកចេញចូលតែមួយនេះត្រូវបានអនុវត្តនៅតាមប្រទេសនានាក្នុងពិភពលោកប្រមាណជាង១០០ឆ្នាំមកហើយ តែសម្រាប់ប្រទេសយើងការអនុវត្តតំបូងនេះ ជាដំណាក់កាលអនុវត្តផង ដកស្រង់បទពិសោធន៍ និងកែលម្អបណ្តើរៗផង គឺថានៅពេលមានបញ្ហាប្រឈមត្រង់ចំណុចណាយើងបានជួបជុំគ្នាអន្តរក្រសួង ដើម្បីពិនិត្យ និងកែលម្អ។
ដោយសារការចូលរួមគាំទ្រ និងការអនុវត្តប្រកបដោយស្មារតីខ្ពស់នេះហើយ ទើបធ្វើឱ្យការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងសម្រេចបានលទ្ធផលល្អជាបន្តបន្ទាប់។ អាស្រ័យហេតុនេះទើបរាជរដ្ឋាភិបាលកម្ពុជាពង្រីកយន្តការច្រកចេញចួលតែមួយ ជាបន្តបន្ទាប់ទៅក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត និងឃុំសង្កាត់ ជាមួយនឹងការផ្ទេរប្រភេទសេវាជាច្រើនទៀតទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលគិតមកទល់ពេលនេះ មានប្រភេទសេវាចំនួន៨០០ប្រភេទក្នុងវិស័យចំនួន១៧ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ទោះបីជាយើងសម្រេចបានលទ្ធផលជាវិជ្ជមានជាច្រើន ក៏យើងនៅមានបញ្ហាប្រឈមជាគន្លឹះមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយ។ ទន្ទឹមនឹងការពង្រីកគោលដៅ និងប្រភេទសេវា ក្រសួងមហាផ្ទៃ សហការជាមួយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូនានា ក៏បានធ្វើការកែលម្អ ទាំងគោលការណ៍ បែបបទ នីតិវិធីនៃការផ្តល់សេវាឱ្យកាន់តែមានភាពសាមញ្ញ និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋមកទទួលយកសេវា ព្រមទាំងធ្វើទំនើបកម្មជាបណ្តើរៗលើការផ្តល់សេវាតាមប្រព័ន្ធអនឡាញ។