ព័ត៌មានលម្អិត

វគ្គបណ្ដុះបណ្ដាលរយះពេល ២ថ្ងៃស្ដីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងនិងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ

ថ្ងៃចេញផ្សាយ: May 12, 2025

ប្រភព: OWSO

ខេត្តសៀមរាប៖ នាថ្ងៃទី៨ និងទី៩ ខែឧសភា ឆ្នាំ២០២៥ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានទទួលការគាំទ្រ និងសហការជាមួយអង្គការ GIZ តាមរយៈគម្រោង ISD រៀបចំវគ្គបណ្តុះបណ្តាលស្ដីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងនិងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយ ជូនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាអគ្គលេខាធិការរង គ.ស.ស. ដោយមានការអញ្ជើញចូលរួមពីលោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន និងមន្រ្ដីបច្ចេកទេសរបស់នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងលោក-លោកស្រីអភិបាលរងស្រុក លោក-លោកស្រីប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក មន្រ្តីទទួលបន្ទុកការងារបេឡា និងមន្ត្រីទទួលបន្ទុកការងារទទួល-ប្រគល់ឯកសារ សរុបប្រមាណ១១០រូប។
សូមគូសបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះ មានការធ្វើបទបង្ហាញផ្ទាល់ដោយលោកប្រធាននាយកដ្ឋានមុខងារ និងធនធាន ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងបទបង្ហាញរបស់ក្រុមការងារបច្ចេកទេសអំពីកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងនិងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយ។
ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
ថ្លែងក្នុងឱកាសបិទវគ្គនេះ លោកប្រធាននាយកដ្ឋានបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាល ពិសេសវត្តមាន និងការចូលរួមយ៉ាងផុលផុសពីសិក្ខាកាមទាំងអស់។ ជាចុងក្រោយ លោកប្រធានបានធ្វើការផ្ដាំផ្ញើដល់រដ្ឋបាលស្រុកទាំង២៨គោលដៅ ត្រូវពិនិត្យ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអ៊ីនធឺណិតអោយបានសមស្របតាមតម្រូវការសម្រាប់កម្មវិធីព័ត៌មានវិទ្យានេះ ព្រមទាំងធ្វើការផ្សព្វផ្សាយបន្តនូវវគ្គបណ្តុះបណ្តាលនេះជូនដល់មន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីអនុវត្តកម្មវិធីនេះឱ្យមានប្រសិទ្ធភាព៕
  

ព័ត៌មានថ្មីៗ

មតិយោបល់