ព័ត៌មានលម្អិត
ពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត
ថ្ងៃចេញផ្សាយ: December 17, 2019
ប្រភព: OWSO

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត នៅសាលប្រជុំក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប និងដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ដែលជាសមាជិក គ.ជ.អ.ប សមាជិកព្រឹទ្ធសភា រដ្ឋសភាជាតិ ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ តំណាងសភាពាណិជ្ជកម្មកម្ពុជា ថ្នាក់ដឹកនាំបច្ចេកទេសរបស់ក្រសួងស្ថាប័ននានា ឯកឧត្តម លោកជំទាវប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត លោក លោកស្រីប្រធានមន្ទីរ រដ្ឋបាលថ្នាក់ក្រោមជាតិ លោក លោកស្រីប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ខណ្ឌ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុបប្រមាន ៨០០នាក់។ អនុក្រឹត្យទាំង៤ដែលប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនាថ្ងៃនេះគឺ ១) អនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ២) អនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុក ៣) អនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌ និង ៤) អនុក្រឹត្យ ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត ។ សម្តេចក្រឡាហោមបានមានប្រសាសន៍ថា “ការរៀបចំ និងដាក់ឲ្យអនុវត្តនូវអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានីខេត្តទាំងនេះ គឺជាសមិទ្ធិផលជាប្រវត្តិសាស្ត្រ ដែលកើតចេញពីកិច្ចសហការរវាងកម្មវិធីកំណែរទម្រង់ស្នូលទាំង៣រួមមាន កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែរទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីជំនាញនៃក្រសួងស្ថាប័នតាមវិស័យនានាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន។” សម្តេចបានបន្តថា “នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ សំដៅធានាដល់ការផ្ទេរ សិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។” សម្តេចក្រឡាហោម បានផ្តាំផ្ញើរដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសថ្នាក់ដឹកនាំក្រុង ស្រុក ខណ្ឌត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការពង្រឹងភាពម្ចាស់ការ និងការទទួលខុសត្រូវក្នុងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែងបុគ្គលិកនិងធនធាននានា សម្រាប់ផ្តល់សេវាតាមវិស័យនានាដែលបានផ្ទេរឲ្យប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ព្រមជាមួយគ្នានេះដែរ សម្តេចសូមឲ្យមានការចូលរួមគាំទ្រឲ្យកាន់តែសកម្មបន្ថែមទៀតពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលជាតំណាងស្ថាប័ននីតិប្បញ្ញត្តិ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័ននានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធនានា ដល់កិច្ចដំណើរការកំណែទម្រង់ដ៏មានសារៈសំខាន់នេះឲ្យសម្រេចបានជោគជ័យតាមគោលបំណងដែលបានគ្រោងទុក។