News Detail

ពិ​ធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​ស្ដី​ពី​តួ​នា​ទី​ ភា​រកិច្ច​ និង​របៀប​រប​បបំពេ​ញកា​រងាររ​បស់​កា​រិ​យា​ល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ និង​ការិ​យាល័យ​ប្រ​ជា​ពល​រដ្ឋដ​ល់​ស្រុក​គោល​ដៅ​ថ្មីចំ​នួន១​០ ​សម្រាប់​ឆ្នាំ​២​០១៩​​​

Published Date: March 2, 2019

Resource: OWSO

ពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងារ របស់​ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋដល់​ស្រុកគោលដៅថ្មីចំនួន១០ សម្រាប់ឆ្នាំ២០១៨ត្រូវបានរៀបចំកាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ​អង្គរប៉ារ៉ាឌី ក្រោមអធិបតីភាព ឯកឧត្តម ស៊ វរិន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប។  ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អភិបាល អភិបាលរងស្រុកគោលដៅ ប្រធាន អនុប្រធានការិយាល័យច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋ មន្ត្រីជួរមុខ ជួរក្រោយនៃស្រុកគោលដៅទាំង១០ ព្រមទាំងតំណាងគម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រ​ដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (EUDAR)របស់អង្គការGIZ ដែលជាអ្នកសហការគាំទ្រ​វគ្គបណ្តុះបណ្តាល សរុបប្រមាណ២០០រូប។

បន្ទាប់ពីការអានរបាយការណ៍លទ្ធផលនៃវគ្គបណ្តុះបណ្តាលដោយលោក សូ សុភ័ក្រ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួង​មហាផ្ទៃរួចមក ឯកឧត្តម ស៊ វរិន បានមានមតិចំណាប់អារម្មណ៍ និងកោតសរសើរខ្ពស់ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាល ពិសេសការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់សិក្ខាកាមដែលជាថ្នាក់ដឹកនាំ និងមន្ត្រីនៃការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៃស្រុកគោលដៅថ្មីក្នុងការទទួលយកចំណេះដឹង និងបទពិសោធន៍ថ្មីសម្រាប់ការអនុវត្តការផ្តល់សេវាជូនប្រជាពលរដ្ឋតាម​យន្តការច្រកចេញចូលតែមួយ ដែលជាកិច្ចការកំណែទម្រង់វិមជ្ឈ​ការ និងវិសហមជ្ឈការ និង ការកែទម្រង់ការផ្ដល់សេវារដ្ឋបាលដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមមានប្រសាសន៍ថា ចំណេះដឹង និងបទពិសោធដែលអស់លោក លោកស្រីទទួលបានមានច្រើនដូចជា ខ្លឹមសារពាក់ព័ន្ធនឹងគោលនយោបាយនៃការផ្ដល់សេវាសាធារណៈ និងទស្សនទាននៃការបង្កើតការិយាល័យច្រកចេញចូលតែមួយ គឺជាគោលនយោបាយ និងជាគោលការណ៍គន្លឹះ និងជាស្នូលនៃយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលជាត្រីវិស័យសម្រាប់រដ្ឋបាលក្រុង ស្រុក។ ចំណែក តួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់មន្ដ្រី បុគ្គលិកនៃការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ គឺជាមេរៀន និងបទពិសោធន៍ដែលមានលក្ខណៈជាក់ស្ដែងដែលអស់លោក លោកស្រីយកទៅអនុវត្តក្នុងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ ដើម្បីធានាឱ្យការផ្ដល់សេវាជូន​ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព គណនេយ្យភាព និងគ្មានអំពើពុករលួយ។ ឯកឧត្តមបានផ្តាំផ្ញើដល់សិក្ខាកាមឱ្យខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវ ស្វែង​​យល់បន្ថែមទៀតលើឯកសារ គោលការណ៍ និងនីតិវិធីពាក់ព័ន្ធពីគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួនឱ្យស្របតាមការរីកចម្រើនដ៏ឆាប់រហ័សនៃកំណែទម្រង់ក្នុងសង្គមជាតិយើង ក៏ដូចជានៅក្នុងតំបន់ និងនៅក្នុងសកលលោកផងដែរ។ ចុងក្រោយឯកឧត្តមបានណែនាំដល់រដ្ឋបាលស្រុកទាំងអស់បន្ទាប់ពីការសម្ភោធដាក់ឱ្យអនុវត្តជាផ្លូវការនូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ​តាមស្រុកគោលដៅរបស់ខ្លួនរួចហើយ គឺត្រូវរៀបចំការ​ផ្សព្វ​ផ្សាយ​ព័ត៌មានឱ្យបានទូលំទូលាយ អំពី​វត្តមានការិយាល័យច្រកចេញចូលតែមួយ តម្លៃ​សេវា និង​ពត៌មាន​សំខាន់ៗ​ផ្សេង​ទៀតស្តីពី​សេវា​ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋ​ ដែលត្រូវធ្វើឡើងតាមគ្រប់មធ្យោ​បាយនានា ដូចជាក្តារព័ត៌មានសាធារណៈ បណ្ដាញ​​ព័ត៌មាន ​បណ្ដាញទំនាក់ទំនងសង្គម ខិត្តប័ណ្ណ វេទិកាផ្សព្វផ្សព្វផ្សាយ វេទិកាសាធារណៈ និងកិច្ចប្រជុំនានាជាដើម​។

Recently News