News Detail
ពិធីប្រគល់-ទទួលពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០២០ (Cambodia ICT Awards 2020)
Published Date: August 6, 2020
Resource: OWSO

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចូលរួមក្នុងពិធីប្រគល់-ទទួលពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០២០ (Cambodia ICT Awards 2020) ក្រោមអធិបតីភាព ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការចូលរួមជាកិត្តិយសពីឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត/រដ្ឋទូតនៃបណ្ដាប្រទេសសមាជិកអាស៊ានប្រចាំកម្ពុជា តំណាងប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុន ICT និស្សិតវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(NIPTICT) និងអស់លោក លោកស្រីជាច្រើនរូប។
តាមរយៈការដាក់ពាក្យចូលរួមជាបេក្ខភាពប្រកួតប្រជែងយកពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Cambodia ICT Awards 2020) ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានទទួលជ័យលាភីពានរង្វាន់សេវារដ្ឋបាលអេឡិចត្រូនិកល្អបំផុតប្រចាំឆ្នាំ បន្ទាប់ពីបានវាយតម្លៃជ្រើសរើសដោយគណៈចៅក្រមនៃកម្មវិធី Cambodia ICT Awards 2020 ។
ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នេះ បានផ្តួចផ្តើម និងរៀបចំបង្កើតឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងបានដាក់ឲ្យប្រើប្រាស់សាកល្បងនៅរាជធានី ខេត្តចំនួន៩ រួចហើយ។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ(One Window Service Unit Management Information System) គឺជាប្រព័ន្ធមួយដ៏មានសារ:សំខាន់សម្រាប់គ្រប់គ្រង និងតាមដានអំពីប្រតិបត្តិការនៃការផ្តល់សេវារដ្ឋបាលតាមបែបព័ត៌មានវិទ្យា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ប្រជាពលរដ្ឋអាចតាមដានប្រតិបត្តិការនៃការស្នើសុំសេវារបស់ពួកគាត់ តាមរយៈកម្មវិធីទូរស័ព្ទដៃ ដែលអាចអោយគាត់ដឹងថា តើពាក្យស្នើសុំរបស់គាត់បានដំណើរការដល់ជំហានមួយណា ហេីយនៅសល់រយៈពេលប៉ុន្មានទៀតទើបរួចរាល់ ។
សូមបញ្ជាក់ថាកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា Cambodia ICT Awards ឬហៅកាត់ថា CICTA (see-ta) គឺជាកម្មវិធីពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។