News Detail

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការផ្តល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅរដ្ឋបាលថ្នាក់ក្រោមជាតិ

Resource: OWSO

នារសៀលថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការផ្តល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកិច្ចប្រជុំរៀបចំឡើងតាមរយៈ Video Conference (Zoom)។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានមុខងារ និងធនធាន ដែលជាសេនាធិការដល់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សរុបចំនួន២៦រូប។

កិច្ចប្រជុំពិភាក្សាបានផ្តោតលើបញ្ហាសំខាន់ៗដូចខាងក្រោម៖
– ពិភាក្សាបញ្ហាប្រឈម និងការកំណត់ពេលវេលាជាក់លាក់ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល ការបំពាក់សម្ភារៈ ការផ្ទេរការផ្តល់សេវាចុះបញ្ជីទោចក្រយានយន្ត និងសេវានានាដូចបានកំណត់ក្នុងតារាងឧបសម្ព័ន្ធភ្ជាប់នឹងអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌឱ្យមកអនុវត្តនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំង១១៥គោលដៅចាស់ និង ៨៩គោលដៅថ្មី
– ក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវកំណត់ពេលវេលាជាក់លាក់ទៅលើការផ្ទេរការមុខងារ និងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យស្របតាមអនុក្រឹត្យ២៥ អនក្រ.បក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងចំណូលសេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត។

Recently News