News Detail

ឯកឧត្តម ប្រាក់ សំអឿន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់

Resource: OWSO

នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ដែលកិច្ចប្រជុំរៀបចំឡើងតាមរយៈ Video Conference (Microsoft Team)។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានមុខងារ និងធនធាន ដែលជាសេនាធិការដល់អគ្គនាយកដ្ឋានរដ្ឋបាល លើការផ្ទេរមុខងារ ធនធាន និងគាំទ្រការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងទទួលបន្ទុករៀបចំសេចក្តីព្រាងសេចក្តីណែនាំនេះឡើង។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តមអគ្គនាយករង លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានជំនាញផ្សេងៗទៀត ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សរុបចំនួន១៦រូប។

ថ្លែងមតិបើកកិច្ចប្រជុំ ឯកឧត្តម ប្រាក់ សំអឿន បានមានប្រសាសន៍ថា ដោយផ្អែកតាមលិខិតបទដ្ឋានគតិយុត្តិនានា ពិសេសអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងមហាផ្ទៃត្រូវរៀបចំឱ្យមាន យន្តការច្រកចេញចូលតែមួយនៅថ្នាក់រាជធានី ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និងថ្នាក់ឃុំ សង្កាត់ ដើម្បីប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលឱ្យស្ថិតនៅកន្លែងតែមួយ និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការទទួលយកសេវា។

កន្លងមកនេះ ក្រសួងមហាផ្ទៃបានរៀបចំយន្តការ ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនូវអង្គភាពច្រកចេញចូលតែមួយទាំង២៥រាជធានី ខេត្ត និងការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌរួចរាល់ហើយ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ។

ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ថ្នាក់ឃុំ សង្កាត់ ក្រសួងមហាផ្ទៃបានរៀបចំដាក់ចេញនូវប្រកាសអន្តរក្រសួងពាក់ព័ន្ធនឹងប្រភេទសេវា និងតម្លៃសេវារដ្ឋបាលនៅឃុំសង្កាត់រួចហើយ ប៉ុន្តែយើងត្រូវបន្តរៀបចំឱ្យមានយន្តការ នីតិវិធី ទម្រង់បែបបទគម្រូតែមួយនៃការផ្តល់សេវានៅគ្រប់ឃុំ សង្កាត់ទាំងអស់ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋមកទទួលយកសេវាឱ្យបានរហ័ស និងមានតម្លាភាព។

ឯកឧត្តមបានបន្ថែមថា កន្លងមក នាយកដ្ឋានមុខងារ និងធនធាន បានចុះសិក្សាស្វែងយល់ពីស្ថានភាពនៃការផ្តល់សេវារដ្ឋបាលឃុំ សង្កាត់ ដោយបានចុះសម្ភាសន៍ និងប្រមូលយកទម្រង់បែបបទកំពុងអនុវត្តនៅតាមរដ្ឋបាលឃុំ សង្កាត់ចំនួន០៥ក្នុងប្រទេសកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់រៀបចំសេចក្តីព្រាងសេចក្តីណែនាំ និងទម្រង់បែបបទស្នើសុំសេវានៅថ្នាក់ឃុំ សង្កាត់នេះឡើង។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ដើម្បីធានាថាសេចក្ដីព្រាងសេចក្ដីណែនាំដែលបានរៀបចំនេះមានលក្ខណៈគ្រប់ជ្រុយជ្រោយ មុននឹងដាក់ជូនថ្នាក់ដឹកនាំពីនិត្យ សម្រេច និងដាក់អោយអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ។

Recently News