ខេត្តកំពង់ធំ៖ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “គោលការណ៍ បែបបទ នីតិវិធីនៃការផ្តល់សេវារដ្ឋបាល”របស់ការិយាល័យច្រកចេញចូលតែមួយ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃមានប្រសាសន៍ថា “ការផ្តល់សេវារដ្ឋបាលតាមរយៈការិយាល័យច្រកចេញចូលតែមួយ គឺជាកិច្ចការអាទិភាពមួយ”។
ឯកឧត្តមបានបញ្ជាក់ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ គឺដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន លើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តមបានបន្ថែមថា ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ រាជរដ្ឋាភិបាលត្រូវធ្វើការការផ្តល់សេវាសាធារណជូនពលរដ្ឋឱ្យកាន់តែល្អប្រសើរ ហើយទន្ទឹមនឹងការកែទម្រង់សេវាសាធារណៈនេះ សេវារដ្ឋបាលតាមរយៈការិយាល័យច្រកចេញចូលតែមួយ គឺជាកិច្ចការអាទិភាពមួយនៅក្នុងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាកកាលទី៤របស់រាជរដ្ឋាភិបាលនៃនីតិកាលទី៦នៃរដ្ឋសភា។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃ បានបង្កើត និងដាក់អោយដំណើរការការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ជាជំហានៗចាប់តាំងពីឆ្នាំ២០០៥ ដើម្បីអនុវត្តនូវមុខងារផ្តល់សេវារដ្ឋបាល ដែលបានផ្ទេរការទទួលខុសត្រូវពីក្រសួង ស្ថាប័នទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ មកទល់ពេលនេះ ការិយាល័យនេះត្រូវបានពង្រីកគ្រប់ក្រុង ស្រុក ខណ្ឌទាំងអស់នៅទូទាំងប្រទេសកម្ពុជា។
ជាមួយនេះដែរ ថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលនូវមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទៅជារចនាសម្ព័ន្ធគ្រប់គ្រងមួយតាមគោលការណ៍រដ្ឋបាលឯកភាពពេញលេញ ដោយបានផ្ដល់សិទ្ធិអំណាចបន្ថែមទៀតដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការសម្របសម្រួល និងអន្តរាគមន៍លើកិច្ចការនានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុនក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
