ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន បានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីលទ្ធផលការអនុវត្តការងារប្រចាំឆ្នាំ២០២២ របស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
ពិធីនេះមានការអញ្ជើញពីឯកឧត្តមទីប្រឹក្សាក្រសួងមហាផ្ទៃ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន និងតំណាងអង្គការតម្លាភាពកម្ពុជា ព្រមទាំងប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌចំនួន១៩២គោលដៅ។
បន្ទាប់ពីលោក តូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បង្ហាញអំពីលទ្ធផលនៃក្រុមពិភាក្សាក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងនេះរួចរាល់ហើយ ឯកឧត្តម បួន ហេង បានថ្លែងនូវចំណាប់អារម្មណ៍ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្នុងការសម្របសម្រួលក្រុមពិភាក្សា ក៏ដូចជាប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុកគោលដៅមួយចំនួនដែលត្រូវបានជ្រើសរើសឱ្យមកធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងប្រធានបទផ្សេងៗគ្នាបានយ៉ាងល្អជូនដល់អង្គសិក្ខាសាលាទាំងមូល។
ឯកឧត្តមបានផ្ដល់នូវអនុសាសន៍ជូនប្រធានការិយាល័យប្រជាពលរដ្ឋ ក្រុង ស្រុក ខណ្ឌទាំងអស់ ត្រូវរៀបចំផែនការសកម្មភាពការិយាល័យរបស់ខ្លួនឱ្យបានច្បាស់លាស់ ព្រមទាំងត្រូវសិក្សាស្វែងយល់បន្ថែមទៀតអំពីលិខិតបទដ្ឋានពាក់ព័ន្ធនឹងការិយាល័យប្រជាពលរដ្ឋ និងឯកសារពាក់ព័ន្ធដទៃទៀត ដើម្បីធានាឱ្យការអនុវត្តតួនាទី ភារកិច្ច ការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងជូនប្រជាពលរដ្ឋទទួលបានជោគជ័យ។
ជាមួយគ្នានេះដែរ នាយកដ្ឋានមុខងារ និងធនធានសូមទទួលយកនូវរាល់សំណើ សំណូមពរនានារបស់ប្រធានការិយាល័យប្រជាពលរដ្ឋ រួមទាំងការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលបន្ថែមទៀតជូនដល់ការិយាល័យប្រជាពលរដ្ឋ។