ព័ត៌មានលម្អិត

អគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃជួបពិភាក្សាពិនិត្យលទ្ធភាពបង្កើត គណៈកម្មាធិការរាជធានី ខេត្ត ដឹកនាំជំរុញការអនុវត្តយន្តការច្រកចេញតែមួយនៅថ្នាក់ឃុំ សង្កាត់

ថ្ងៃចេញផ្សាយ: April 10, 2023

ប្រភព: OWSO

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងមហាផ្ទៃ មានកិច្ចប្រជុំពិភាក្សារវាងអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីពិភាក្សាអំពីការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ និងការបង្កើត “គណៈកម្មាធិការរាជធានី ខេត្ត ដឹកនាំជំរុញការអនុវត្តយន្តការច្រកចេញតែមួយនៅថ្នាក់ឃុំ សង្កាត់”។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំអង្គការវាយថលស្ទ្រេតធីជី និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានទាំងពីរ ប្រមាណសរុបចំនួន២០រូប។
ជាលទ្ធផល កិច្ចពិភាក្សារវាងអគ្គនាយកដ្ឋានទាំងពីរ បានសម្រេចឯកភាពលើការងារបីចំណុចដូចខាងក្រោម៖
ទី១. សម្រេចឱ្យមានការរៀបចំបញ្ចូលយន្តការច្រកចេញចូល តែមួយអត្តសញ្ញាណកម្ម ឱ្យមកក្នុងយន្តការច្រកចេញចូល តែមួយ ឃុំ សង្កាត់ ដើម្បីប្រែក្លាយទៅជាយន្តការតែ មួយនៅ ថ្នាក់ឃុំ សង្កាត់
ទី២. សម្រេចឱ្យសិក្សារៀបចំបង្កើតគណៈកម្មាធិការគាំទ្រយន្តការជាពីរថ្នាក់គឺ គណៈកម្មាធិការថ្នាក់ជាតិ និងគណៈកម្មាធិការថ្នាក់រាជធានី ខេត្ត សម្រាប់តាមដាន និងវាយតម្លៃ គាំទ្រយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់
ទី៣. សម្រេចឱ្យរៀបចំសិក្សា និងវាយតម្លៃ កំណត់ជ្រើសរើសរដ្ឋបាលឃុំ សង្កាត់គោលដៅចំនួន៥០០ បន្ថែមសម្រាប់អនុវត្តយន្តការច្រកចេញចូលតែមួយ

ព័ត៌មានថ្មីៗ

មតិយោបល់