ព័ត៌មានលម្អិត

សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ចំណូលពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

ថ្ងៃចេញផ្សាយ: September 26, 2019

ប្រភព: OWSO

នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩៖ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ចំណូលពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាពឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្ដរក្រសួងសម្របសម្រួលលើការផ្ទេរ និងការអនុវត្តមុខងារគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកាក្រុមការងារអន្តរក្រសួង តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប នាយករដ្ឋបាលរាជធានី ខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត ប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត និងអភិបាលក្រុង ស្រុក ខណ្ឌ សរុបប្រមាណ៣២០នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម លេង វី បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរបស់ក្រុមការងារអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលេខាធិការដ្ឋាន គ.ជ.អ.ប នាពេលកន្លងមក ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត សេចក្ដីណែនាំ និងគំរូផែនការនានា សំដៅគាំទ្រដល់ការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីរួមចំណែកការលើកកម្ពស់សោភ័ណភាពទីក្រុង និងគាំពារសុខមាលភាពសាធារណៈ។

ជាមួយគ្នានេះ ឯកឧត្តម ប្រធាន បានមានប្រសាសន៍លើកឡើងពីគោលបំណងនៃសិក្ខាសាលាផ្សព្វផ្សាយនេះ ដែលផ្ដោតលើចំណុច៣សំខាន់គឺ៖ (១) ការពង្រឹងការអនុវត្តតាមអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា (២) ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរបស់រដ្ឋបាលរាជធានី ក្រុង ស្រុក និង(៣) ការចូលរួមលើកកម្ពស់ការថែរក្សាសោភ័ណភាពទីប្រជុំជន និងគាំពារសុខមាលភាពសាធារណៈ។

បន្ទាប់ពីបញ្ចប់សិក្ខាសាលាផ្សព្វផ្សាយនេះ ឯកឧត្តមប្រធាន មានជំនឿជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធទាំងឡាយ នឹងមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការអនុវត្តការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនបានកាន់តែប្រសិទ្ធភាព និងចូលរួមលើកកម្ពស់សោភ័ណភាពតំបន់ទីប្រជុំជន និងសុខមាលភាពសាធារណៈ ព្រមទាំងចូលរួមកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានដែលកើតចេញពីសំរាម។ ទន្ទឹមនេះដែរ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំបន្ត និងពង្រីកការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធនានាឱ្យបានផុសផុល និងទូលំទូលាយ ក្នុងការចូលរួមគ្រប់គ្រងសំរាម តាមរយៈការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាមឱ្យបានត្រឹមត្រូវ និងប្រកបដោយអនាម័យ។

ព័ត៌មានថ្មីៗ

មតិយោបល់