ព័ត៌មានលម្អិត

វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃដើម្បីប្រមូលមតិយោបល់របស់ប្រជាពលរដ្ឋ

ប្រភព: OWSO

រាជធានីភ្នំពេញ៖ នាថ្ងៃព្រឹកទី២២ ខែមេសា ឆ្នាំ២០២២ នៅភោជនីដ្ឋានទន្លេបាសាក់II មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃដល់ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត ប្រធាន និងបុគ្គលិកជំនួយការការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌគោលដៅ ក្រោមអធិបតីភាព លោក តូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល និងឯកឧត្តម ឈីវ ណាក់ ប្រធានគ្រប់គ្រងគម្រោងសាលាអភិបាលកិច្ច ក្រសួងមហាផ្ទៃ។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានមុខងារ និងធនធាន តំណាងអង្គការតម្លាភាព កម្ពុជា(TIC) ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត ប្រធាន និងបុគ្គលិកជំនួយការ ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ លោក លោកស្រីមន្រី្តការិយាល័យជំនាញ នៃនាយកដ្ឋាន មុខងារ និងធនធានសរុបចំនួន២៧រូប។

វគ្គបណ្តុះបណ្តាលនេះរៀបចំដោយនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋាន រដ្ឋបាល ក្រសួងមហាផ្ទៃ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការតម្លាភាពកម្ពុជា ក្នុងគោលបំណងដើម្បីឱ្យប្រធានការិយាល័យប្រជាពលរដ្ឋ និងបុគ្គលិក ការិយាល័យប្រជាពលរដ្ឋចេះប្រើប្រាស់កម្មវិធីទូរស័ព្ទដៃដើម្បីប្រមូលមតិយោបល់របស់ប្រជាពលរដ្ឋ ព្រមទាំងចេះទាញយកព័ត៌មាន និងទិន្នន័យពីកម្មវិធីទូរស័ព្ទនេះ។

លោក តូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន មានប្រសាសន៍បញ្ជាក់អំពីស្ថានភាពបច្ចុប្បន្ននៃយន្តការសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលរបស់ការិយាល័យប្រជាពលរដ្ឋ និងសារៈ សំខាន់នៃកម្មវិធីទូរស័ព្ទដៃដើម្បីប្រមូលមតិយោបល់របស់ប្រជាពលរដ្ឋបន្ថែមលើមធ្យោបាយសម្រាប់ទទួលបណ្តឹងនិងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋដែលមានស្រាប់។
លោកបញ្ជាក់ថា កម្មវិធីទូរស័ព្ទដៃនេះនឹង កាន់តែបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដាក់ពាក្យបណ្តឹងនិងព័ត៌មានផ្សេងៗទៅកាន់ការិយាល័យប្រជាពលរដ្ឋ។

លោក តូច ថុន ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅប្រើនៅក្នុងពេលបំពេញការងាររបស់ការិយាល័យប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃពេញនេះទទួលបានលទ្ធផលល្អប្រសើរដោយផ្តោតលើប្រធានបទសំខាន់ៗចំនួន៣រួមមាន៖
១).របៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ
២).របៀបទាញយកទិន្នន័យពីកម្មវិធីទូរស័ព្ទដៃ
៣).របៀបទាញយកទិន្នន័យពី​ web-admin និងមានការចូលរួមធ្វើតេស្តសាកល្បងកម្មវិធីទូរស័ព្ទដៃនេះ យ៉ាងផុលផុសរបស់សិក្ខាកាមនៅក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ
នៅចុងបញ្ចប់វគ្គបណ្តុះបណ្តាល ក៏មានការពិធីប្រគល់ទូរស័ព្ទដៃដល់សិក្ខាកាម និងការថតរូបអនុស្សាវរីយ៍ផងដែរ។

ព័ត៌មានថ្មីៗ

មតិយោបល់