ព័ត៌មានលម្អិត

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីសម្រុះសម្រួល និងកត់ត្រាបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ” តាមរយ:កម្មវិធីZOOM

ប្រភព: OWSO

នាព្រឹកថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្គការតម្លាភាពកម្ពុជា (TIC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីសម្រុះសម្រួល និងកត់ត្រាបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ” តាមរយ:កម្មវិធីZOOM សម្រាប់វគ្គទី០២។

កម្មវិធីនេះ មានការអញ្ជើញបើកវគ្គបណ្តុះបណ្តាលដោយលោក តូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ គ្រូបង្គោល និងមន្ត្រីសម្របសម្រួលថ្នាក់ជាតិសរុបចំនួន០៧រូបផងដែរ។

វគ្គបណ្តុះបណ្តាលវគ្គទី០២នេះ ប្រព្រឹត្តិទៅមានរយ:ពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុកសរុបប្រមាណ៦១គោលដៅ។ បញ្ជាក់៖ កាលពីវគ្គទី១ បានអញ្ជើញប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌសរុបប្រមាណ៥៨គោលដៅ។

វគ្គបណ្តុះបណ្តាលនេះ មានការធ្វើបទបង្ហាញលើប្រធានបទចំនួន០៩ ដូចខាងក្រោម៖
– រចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច សិទ្ធិអំណាចការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ
– របៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ
– នីតិវិធីនៃការទទួល និងសម្រាំងពាក្យបណ្តឹង
– នីតិវិធីនៃការសម្រុះសម្រួលដោះស្រាយបណ្តឹង
– នីតិវិធីស៊ើបអង្កេត
– ទំនាក់ទំនង និងការចូលរួមជាមួយអង្គភាពពាក់ព័ន្ធ
– វិធីសាស្ត្រផ្សព្វផ្សាយព័ត៌មាន
– ការរៀបចំផែនការសកម្មភាព និងការគ្រប់គ្រងបុគ្គលិក
– ការរៀបចំរបាយការណ៌

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីពង្រឹងសមត្ថភាពដល់ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌឱ្យយល់កាន់តែច្បាស់អំពី៖
១. តួនាទី ភារកិច្ច សិទ្ធិអំណាច និងរបៀបរបបបំពេញការងារ
២. គោលការណ៌ និងនីតិវិធីនៃការទទួល សម្រុះសម្រួលដោះស្រាយបណ្តឹង និង
៣. កែលម្អការកត់ត្រាបណ្តឹងនៅតុពិសេស និងការរៀបចំរបាយការណ៌។

ព័ត៌មានថ្មីៗ

មតិយោបល់