ព័ត៌មានលម្អិត

វគ្គបណ្ដុះបណ្ដាល ស្ដីពីគោលការណ៍ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាល និងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ

ថ្ងៃចេញផ្សាយ: January 17, 2026

ប្រភព: OWSO

ក្រុងកំពង់សោម៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាល និងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ​ នៅរដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។
ពិធីបើកវគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក បួន ចំរើន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល និងលោក សុខ សិទ្ធិការ អភិបាលរង នៃគណៈអភិបាលក្រុងកំពង់សោម ដោយមានការចូលរួមពីនាយិកា នាយិការង ប្រធាន អនុប្រធានការិយាល័យច្រកចេញចូលតែមួយ ប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ ប្រធានការិយាល័យប្រជាពលរដ្ឋ និងមន្រ្តីពាក់ព័ន្ធ សរុប ២០រូប។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀតដល់ថ្នាក់ដឹកនាំ និងបុគ្គលិកពាក់ព័ន្ធរបស់ការិយាល័យច្រកចេញចូលតែមួយអំពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាល និងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ។
វគ្គបណ្តុះបណ្តាលរយះពេល៣ថ្ងៃនេះបានប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក និងមានការចូលរួមយ៉ាងផុសផុលពីសិក្ខាកាមទាំងអស់។
ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល និងលោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលក្រុងកំពង់សោម ដោយមានការចូលរួមពី អភិបាលរងក្រុង នាយិកា នាយិការង ប្រធាន អនុប្រធានការិយាល័យច្រកចេញចូលតែមួយ ប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ ប្រធានការិយាល័យប្រជាពលរដ្ឋ និងមន្រ្តីពាក់ព័ន្ធ សរុប ២០រូប។

ព័ត៌មានថ្មីៗ

មតិយោបល់