ក្រុងកំពង់សោម៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាល និងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ នៅរដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។
ពិធីបើកវគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក បួន ចំរើន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល និងលោក សុខ សិទ្ធិការ អភិបាលរង នៃគណៈអភិបាលក្រុងកំពង់សោម ដោយមានការចូលរួមពីនាយិកា នាយិការង ប្រធាន អនុប្រធានការិយាល័យច្រកចេញចូលតែមួយ ប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ ប្រធានការិយាល័យប្រជាពលរដ្ឋ និងមន្រ្តីពាក់ព័ន្ធ សរុប ២០រូប។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀតដល់ថ្នាក់ដឹកនាំ និងបុគ្គលិកពាក់ព័ន្ធរបស់ការិយាល័យច្រកចេញចូលតែមួយអំពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាល និងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ។
វគ្គបណ្តុះបណ្តាលរយះពេល៣ថ្ងៃនេះបានប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក និងមានការចូលរួមយ៉ាងផុសផុលពីសិក្ខាកាមទាំងអស់។