ខេត្តតាកែវ៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ នៅសាលប្រជុំសាលាខេត្តតាកែវ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា “មន្ត្រី គឺជាអ្នកបម្រើរាស្ត្រ”។
លោកបានបញ្ជាក់ថា កាលពីមុន ពេលលឺសូរមន្ត្រី ប្រជាជនខ្លាច។ តែពេលនេះ មន្ត្រីជាអ្នកបម្រើរាស្ត្រ ព្រោះពួកគាត់ជាអ្នកបង់ពន្ធ យើងជាមន្ត្រី គឺជាអ្នកបម្រើពួកគាត់។ មន្ត្រីជាអ្នកបម្រើរាស្ត្រនេះ គឺជាពាក្យស្លោករបស់រាជរដ្ឋាភិបាលកម្ពុជារបស់យើង។
វគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយសហការជាមួយរដ្ឋបាលខេត្តតាកែវ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដែលមានសមាសភាពចូលរួមជានាយក-នាយករងរដ្ឋបាលក្រុង ស្រុក ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីជួរមុខ ជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយនៃក្រុង ស្រុកចំនួន៤៤ ដែលក្រុង ស្រុកចំនួន៥នៃខេត្តតាកែវ បានចូលរួមផ្ទាល់នៅសាលប្រជុំសាលាខេត្តតាកែវ និងក្រុង ស្រុក៣៩ផ្សេងទៀត ត្រូវចូលរួមពីចំងាយតាមប្រព័ន្ធវីដេអូ Zoom។
ក្នុងឳកាសនោះ លោកប្រធានបានវាយតម្លៃខ្ពស់លើលទ្ធផលនៃវគ្គបណ្តុះបណ្តាល និងបានអរគុណចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមយ៉ាងពេញលេញក្នុងវគ្គបណ្តុះបណ្តាល០២ថ្ងៃកន្លងមកនេះ។ លោកមានប្រសាសន៍បញ្ជាក់ថា ការចូលរួមយ៉ាងពេញលេញរបស់សិក្ខាកាមទាំងអស់បានបង្ហាញនូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាមន្ត្រីផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ស្របតាមពាក្យស្លោករបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល គឺមន្ត្រីជាអ្នកបម្រើរាស្ត្រ។
ជាចុងក្រោយ លោកមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដូចតទៅ៖
ទី1. មន្ត្រីផ្តល់សេវាត្រូវអនុវត្តអោយបានតាមគោលការណ៍ បែបបទនិងនីតិវិធីនៃការផ្តល់សេវាដែលបានកំណត់ក្នុងសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានផ្សេងៗទៀតដែលនៅជាធរមាន និងកុំអនុវត្តទៅតាមនីតិវិធីចាស់
ទី2. សូមក្រុង ស្រុក ខណ្ឌទាំងអស់កុំបន្ថែមសង្វាក់រដ្ឋបាលអោយខុសពីការកំណត់របស់ក្រសួង។ ការបង្កើតការិយាល័យច្រកចេញចូលតែមួយ ក្នុងគោលបំណងមិនចង់អោយស្មុគស្មាញ មិនចង់អោយយឺតយ៉ាវ បើមានការបន្ថែមសង្វាក់រដ្ឋបាលទៀត មានន័យថា ក្រសួងស្ថាប័នដែលរំពឹងថាផ្ទេរមុខងារទៅអោយខិតជិតប្រជាពលរដ្ឋ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការផ្តល់សេវា បែរជាបង្កការលំបាកទៅវិញ។
ទី៣. រាល់ការផ្តល់សេវារដ្ឋបាលដែលជាមុខងារទាំងអស់ដែលក្រសួងស្ថាប័នប្រគល់ជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវអនុវត្តនៅការិយាល័យច្រកចេញចូលតែមួយ។ ការផ្តល់សេវារដ្ឋបាលទាំងឡាយណាក្រៅពីច្រកចេញចូលតែមួយគឺជាអំពើខុសច្បាប់។
ទី៤. ការយកកម្រៃសេវារដ្ឋបាល ត្រូវអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តទាំងកម្រៃសេវា រយៈពេលផ្តល់ និងសុពលភាព និងមិនត្រូវយកកម្រៃសេវាលើសពីការកំណត់។ ចំពោះប្រភេទសេវាដែលក្រសួងពាក់ព័ន្ធមិនទាន់កំណត់តម្លៃសេវា ហើយប្រសិនបើប្រជាពលរដ្ឋចាំបាច់ស្នើសុំ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋដោយមិនយកម្រៃសេវា
ទី៥. រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវគ្រប់គ្រងចំណូលដែលបានមកពីប្រាក់កម្រៃនៃការផ្តល់សេវា ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ
ទី៦. រដ្ឋបាល ក្រុង ស្រុក ខណ្ឌត្រូវអនុវត្តកិច្ចសហការឱ្យបានល្អជាមួយការិយាល័យប្រជាពលរដ្ឋ ដើម្បីធានាការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព និងទទួលបានភាពពេញចិត្តពីប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។