ព័ត៌មានលម្អិត
ពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ នៃការអនុវត្តការងាររបស់ច្រកចេញចូលតែមួយ និងការសម្រុះសម្រួលបណ្តឹងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
ថ្ងៃចេញផ្សាយ: February 24, 2020
ប្រភព: OWSO
កំពតៈ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពត មានរៀបចំពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ នៃការអនុវត្តការងាររបស់ច្រកចេញចូលតែមួយ និងការសម្រុះសម្រួលបណ្តឹងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
សិក្ខាសាលានេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា សរុបប្រមាណចំនួន៤០០នាក់ ដែលមានសមាសភាពរួមមានថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងមហាផ្ទៃ តំណាងក្រសួងពាក់ព័ន្ធ លេខាធិការដ្ឋាន គ.ជ.អ.ប ដៃគូអភិវឌ្ឍន៍ នាយក នាយករងរដ្ឋបាលសាលារាជធានី ខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យច្រកចេញចូលតែមួយ និងប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ។

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានឡើងមានមតិស្វាគមន៍ ព្រមទាំងធ្វើរបាយការណ៍អំពីសមិទ្ធផល និងការអនុវត្តការងារការផ្តល់សេវាតាមច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្នុងខេត្តកំពត។ ឯកឧត្តម មានប្រសាសន៍ថា ខេត្តកំពតបានរៀបចំបង្កើត និងដាក់ឱ្យដំណើរការនូវអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់ខេត្តរួចរាល់ហើយ។ នៅថ្នាក់ក្រុង ស្រុក ក៏បានបង្កើតជាការិយាល័យច្រកចេញចូលតែមួយបានចំនួន១ក្រុង និង៤ស្រុក ក្នុងចំណោមក្រុង ស្រុកសរុបចំនួន៨ក្រុង ស្រុក។ ហើយស្រុកដែលនៅសល់ គឺបានត្រៀមរៀបចំបង្កើតបន្តបន្ទាប់ថែមទៀត និងរៀបចំជាយន្តការច្រកចេញចូលតែមួយសម្រាប់ស្រុកដែលពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បង្កើតជាការិយាល័យបាន។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ងី ច័ន្ទ្រផល មានប្រសាសន៍ថា យើងបានបង្កើតអង្គភាពច្រកចេញចូលតែមួយបានគ្រប់២៥រាជធានី ខេត្តរួចហើយ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋដែលមានចំនួន៥៥៩ប្រភេទសេវា ហើយបង្កើតជាការិយាល័យច្រកចេញចូលតែមួយថ្នាក់ក្រុង ស្រុក ខណ្ឌបានចំនួន១១៥ ក្រុង ស្រុក ខណ្ឌ ដែលមានសរុប២១១ប្រភេទសេវា។ ដោយឡែកស្រុកដែលនៅសេសលស់ គឺក្រសួងមហាផ្ទៃ គ្រោងនឹងរៀបចំបង្កើតជាការិយាល័យឬយន្តការច្រកចេញចូលតែមួយនេះឱ្យបានរួចរាល់ទូទាំងប្រទេសក្នុងឆ្នាំ២០២០នេះ ឬ២០២១យ៉ាងយូរបំផុត។


ឯកឧត្តមបានបញ្ជាក់ថា ការបង្កើតយន្តការច្រកចេញចូលតែមួយនេះ គឺជាការធ្វើកំណែទម្រង់នៃការផ្តល់សេវាសាធារណៈ និងលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា តាមរយៈការប្រមូលផ្តុំសេវាដែលត្រូវការចាំបាច់របស់ប្រជាពលរដ្ឋឱ្យមកស្ថិតនៅកន្លែងតែមួយ និងប្រគល់ការសម្រេចទៅឱ្យរដ្ឋបាលដែលនៅកៀកជិតប្រជាពលរដ្ឋ ជាអ្នកទទួលខុសត្រូវក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់យន្តការច្រកចេញចូលតែមួយដែលបានយកចិត្តទុកដាក់ និងបំពេញការងារផ្តល់សេវា និងសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ាជូនប្រជាពលរដ្ឋប្រកបដោយមនសិកាវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសពាក់ព័ន្ធនឹងការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។
ចុងក្រោយ ឯកឧត្តមបានផ្តល់ការណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យសម្របសម្រួលជាមួយមន្ទីរអង្គភាពពាក់ព័ន្ធក្នុងការប្រមូលផ្តុំសេវាឱ្យនៅកន្លែងតែមួយ ការពង្រឹងសមត្ថភាពរបស់ខ្លួន និងធ្វើការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព មានភាពបត់បែន និងទន់ភ្លន់ក្នុងការដោះស្រាយបញ្ហាប្រឈម ដើម្បីផ្តល់ភាពទុកចិត្តជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានស្នើសុំដល់ក្រសួងស្ថាប័នពាក់ព័ន្ធផ្តល់ការគាំទ្រលើការបណ្តុះបណ្តាលបច្ចេកទេស ពិនិត្យកែសម្រួលលើនីតិវិធី ទម្រង់បែបបទនៃការផ្តល់សេវា មានភាពងាយស្រួលសាមញ្ញ និងអាចអនុវត្តបានតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។