ខេត្តស្វាយរៀង៖ ពិធីបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។
ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្តស្វាយរៀង ព្រមទាំងសិក្ខាកាមដែលជានាយករងរដ្ឋបាល ប្រធាន-អនុប្រធាននិងមន្ត្រីផ្នែកជួរមុខ និងផ្នែកជួរក្រោយនៃអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ចំនួន១៥គោលដៅរាជធានី ខេត្ត សរុបប្រមាណ១៥០រូប។
បន្ទាប់ពីឯកឧត្តម បួន ហេង អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អានរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាលរួចហើយ ឯកឧត្តម ម៉ែន វិបុល បានថ្លែងនូវចំណាប់អារម្មណ៍ ដោយធ្វើការវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល និងបានកោតសរសើរដល់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃដែលបានយកចិត្តទុកដាក់ និងខិត្តខំពង្រឹងសមត្ថភាពរបស់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមមានប្រសាសន៍ថា ការផ្តល់សេវារដ្ឋបាល គឺជាកិច្ចការដែលត្រូវធ្វើផ្ទាល់ជាមួយប្រជាពលរដ្ឋ ដូច្នេះទាមទារអោយមន្ត្រីរបស់យើងមានចំណេះដឹង និងយល់ដឹងច្បាស់លាស់អំពីរបៀបរបប និងនីតិវិធីនៃការផ្តល់សេវា ពិសេសត្រូវមានអាកប្បកិរិយាទន់ភ្លន់ រួសរាយរាក់ទាក់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈអោយត្រឹមត្រូវ ដែលទាំងអស់នេះត្រូវបានបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាលរយះពេល០២ថ្ងៃកន្លងមកនេះ។
ក្នុងពិធីនេះដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល មានប្រសាសន៍ថា គោលដៅសំខាន់នៃការបង្កើតយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីការធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវារដ្ឋបាល តាមរយៈការប្រមូលផ្តុំសេវានៅកន្លែងតែមួយ និងការបង្ខិតសេវាឱ្យទៅកៀកជិតជាមួយនឹងប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាធានាឱ្យការផ្ដល់សេវាមានភាពងាយស្រួលដល់អ្នកស្នើសុំសេវាតាមរយៈនីតិវិធីសាមញ្ញ រហ័ស មានតម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលានូវសំណូមពរនានារបស់អ្នកស្នើសុំសេវា។
ឯកឧត្តមបានបន្តថា នេះជារូបភាពនៃការធ្វើកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការផ្ដល់សិទ្ធិអំណាចជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការសម្រេចផ្ដល់សេវារដ្ឋបាលចាំបាច់ជូនប្រជាពលរដ្ឋរបស់ខ្លួនប្រកបដោយគណនេយ្យភាព ក្នុងនាមរដ្ឋបាលបម្រើប្រជាពលរដ្ឋ។
ឯកឧត្តមបញ្ជាក់បន្ថែមថា សម្រាប់ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ដែលមានចក្ខុវិស័យក្នុងការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានសមត្ថភាពខ្ពស់ក្នុងការអភិវឌ្ឍមូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
កម្មវិធីជាតិនេះមានសមាសភាគធំៗចំនួន៥ ដែលក្នុងនោះលទ្ធផលរំពឹងទុកនៃសមាសភាគទី៥ បានកំណត់ឱ្យមានការកែលម្អ និងពង្រឹងការអនុវត្តយន្តការច្រកចេញចូលតែមួយ សម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យការផ្តល់សេវាកាន់តែមានភាពសាមញ្ញ ងាយស្រួល មានប្រសិទ្ធភាព និងមានតម្លាភាព តាមរយៈការរៀបចំ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការផ្តល់សេវា។ ជាមួយគ្នានេះ កម្មវិធីជាតិក៏បានកំណត់នូវសកម្មភាពជាអាទិភាពមួយចំនួន ដែលក្នុងនោះសកម្មភាពអាទិភាពជាចម្បង គឺការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចស្នើសុំសេវា បង់កម្រៃសេវា និងតាមដានដំណើរការនៃការស្នើសុំសេវាតាមប្រព័ន្ធព័ត៌មានវិទ្យាបានដោយខ្លួនឯង។