ខេត្តក្រចេះ៖ នារសៀលថ្ងៃទី០៣ ខែវិច្ចិកា ឆ្នាំ២០២២ នៅសាលមហោស្របខេត្តក្រចេះមានការរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តជូនថ្នាក់ដឹកនាំ និងបុគ្គលិកពាក់ព័ន្ធរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលបានផ្លាស់ប្ដូរថ្មី និងមិនទាន់ទទួលបានការបណ្ដុះបណ្ដាលពីក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តមវ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្តក្រចេះ និងសិក្ខាកាមដែលប្រធាន-អនុប្រធាន មន្ត្រីជួរមុខ ជួរក្រោយនៃអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តចំនួន១៩គោលដៅ សរុបប្រមាណចំនួន១៦០រូប។
បន្ទាប់ពីឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អានរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាលរួចហើយ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានថ្លែងចំណាប់អារម្មណ៍ដោយបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃកន្លងមកនេះ។
ឯកឧត្តមមានប្រសាសន៍ថា ចំណេះដឹងទាំងនេះគឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងផ្លាស់ប្តូរឥរិយាបទរបស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ក្នុងពិធីនេះដែរ ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍ថា គោលដៅសំខាន់នៃការបង្កើតយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីការធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវារដ្ឋបាល តាមរយៈការប្រមូលផ្តុំសេវានៅកន្លែងតែមួយ និងការបង្ខិតសេវាឱ្យទៅកៀកជិតជាមួយនឹងប្រជាពលរដ្ឋ។
ឯកឧត្តមបញ្ជាក់ថា នេះជាការផ្ដល់សិទ្ធិអំណាចជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការសម្រេចផ្ដល់សេវារដ្ឋបាលចាំបាច់ជូនប្រជាពលរដ្ឋរបស់ខ្លួនប្រកបដោយគណនេយ្យភាព ក្នុងនាមរដ្ឋបាលបម្រើប្រជាពលរដ្ឋ។
ឯកឧត្តម មានប្រសាសន៍បន្តថា កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ដែលមានចក្ខុវិស័យក្នុងការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានសមត្ថភាពខ្ពស់ក្នុងការអភិវឌ្ឍមូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ចុងក្រោយឯកឧត្តមបានផ្ដាំផ្ញើនូវកិច្ចការមួយចំនួនសម្រាប់សិក្ខាកាមដូចខាងក្រោម ៖
ទីមួយ៖ សូមយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះយកទៅអនុវត្ដឱ្យបានជោគជ័យ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រមសីលធម៌ និងមនសិការវិជ្ជាជីវៈ នៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកែទម្រង់ការផ្ដល់សេវារដ្ឋបាលឱ្យកាន់តែប្រសើរឡើង និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ទីពីរ៖ ដើម្បីសម្រេចបាននូវភារកិច្ចទាំងអស់នេះប្រកបដោយជោគជ័យ បុគ្គលិកពាក់ព័ន្ធរបស់អង្គភាពច្រកចេញចូលតែមួយចាំបាច់ត្រូវមានស្មារតីបំពេញការងារជាក្រុម រក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងកិច្ចសហប្រតិបត្ដិការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធនានា និងគ្រប់ផ្នែកក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានី ខេត្ត និងមន្ទីរ អង្គភាព។
ទីបី៖ ត្រូវខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមទៀតលើឯកសារលិខិតបទដ្ឋាន បែបបទ និងនីតិវិធីនៃការផ្ដល់សេវាក្នុងវិស័យដែលមានការពាក់ព័ន្ធពីគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងការបំពេញការងារ ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួន និងសម្របខ្លួនជាមួយការរីកចម្រើនដ៏ឆាប់រហ័សនៃកំណែទម្រង់ក្នុងសង្គមជាតិយើង ក៏ដូចជានៅក្នុងតំបន់ និងសកលលោកផងដែរ។
ទីបួន៖ ក្នុងការអនុវត្ដការងារជាក់ស្ដែង ប្រសិនបើនៅមានភាពមិនច្បាស់លាស់ត្រង់ចំណុចណាមួយ ឬជួបបញ្ហាប្រឈមដែលមិនអាចដោះស្រាយបាន សូមធ្វើការទំនាក់ទំនង និងពិគ្រោះយោបល់ជាមួយអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តគោលដៅផ្សេងទៀតដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក ឬអាចធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយក្រុមការងាររបស់នាយកដ្ឋានមុខងារ និងធនធាន ដើម្បីស្នើសុំការបំភ្លឺ និងការបញ្ជាក់បន្ថែម។