ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានទទួលក្រុមយុវជនស្ម័គ្រចិត្តនៃអង្គការតម្លាភាពកម្ពុជា (TIC) ដែលបានមកសិក្សាស្វែងយល់ពីប្រវត្តិនៃការបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋក្រោមអធីបតីភាព ឯកឧត្តម បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងអង្គការតម្លាភាពកម្ពុជា(TIC) យុវជនស្ម័គ្រចិត្តអង្គការតម្លាភាពកម្ពុជា(TIC) និងលោក លោកស្រីប្រធានការិយាល័យពាក់ព័ន្ធនៃនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សរុបចំនួន២៥រូប។
ឯកឧត្តម បួន ហេង បានស្វាគមន៍ចំពោះក្រុមយុវជនស្ម័គចិត្តទាំងអស់នៃអង្គការតម្លាភាពកម្ពុជា ដែលបានមកស្វែងយល់ពីការអនុវត្តការងាររបស់នាយកដ្ឋានមុខងារ និងធនធាន ហើយឯកឧត្តមក៏បានបង្ហាញពីទស្សនាទានរបស់រាជរដ្ឋាភិបាល និងចែករំលែកចំណេះដឹង បទពិសោធន៍ និងដំបូន្មានល្អៗនៃភាពជាអ្នកដឹកនាំដល់យុវជនស្ម័គ្រចិត្តអង្គការតម្លាភាពកម្ពុជា(TIC) ។
ទន្ទឹមនេះ ឯកឧត្តមក៏បានបញ្ជាក់ពីតួនាទី ភារកិច្ច និងការអនុវត្តការងាររបស់នាយកដ្ឋានមុខងារ និងធនធាន ព្រមទាំងលើកឡើងពីសារៈសំខាន់នៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារ ធនធាន សិទ្ធិអំណាច និងការទទួលខុសត្រូវទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតការផ្តល់សេវាទៅជិតប្រជាពលរដ្ឋ។ បន្ទាប់មក ក្រុមការងារនៃនាយកដ្ឋានមុខងារ និងធនធាន បានធ្វើបទបង្ហាញអំពីប្រវត្តិយន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ព្រមទាំងអនុញ្ញាតអោយមានការចូលរួមសាកសួរសំណួរយ៉ាងផុលផុសរបស់យុវជនស្ម័គ្រចិត្តអង្គការតម្លាភាពកម្ពុជា(TIC)។
ជាចុងក្រោយ ឯកឧត្តមប្រធាននាយកដ្ឋានបានផ្តាំផ្ញើដល់យុវជនស្ម័គ្រចិត្តអង្គការតម្លាភាពកម្ពុជា ឱ្យខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមបន្តបន្ទាប់ទៀត ដើម្បីក្លាយជាអ្នកបន្តវេនដែលមានសក្តានុពលក្នុងការរួមចំណែកកសាងប្រទេសជាតិនៅថ្ងៃអនាគត ហើយក៏រៀបចំពិធីថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។
