News Detail
កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ
Published Date: February 13, 2018
Resource: OWSO
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលប្រជុំសណ្ឋាគារសុខាភ្នំពេញមានការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងឱ្យឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានសមាសភាពអ្នកចូលរួមដូចជាតំណាងក្រសួងមហាផ្ទៃ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ប្រមាណជា១៣០នាក់។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា ដើម្បីកែសម្រួលនិងប្រមូលធាតុចូលបន្ថែមទៅលើរបាយការណ៍ ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់។
