ព័ត៌មានលម្អិត

កិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

ថ្ងៃចេញផ្សាយ: December 2, 2022

ប្រភព: OWSO

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសណ្ឋាគារ Regency Angkor Hotel។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តំណាងអង្គការGIZ អភិបាល អភិបាលរង នាយក នាយករងរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌនៃខេត្តចំនួន១២ សរុបប្រមាណ៦៥រូប។
ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍ថា នៅចុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ១៨២ លេខ១៨៣ និងលេខ១៨៤ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលតាមរយៈស្មារតីអនុក្រឹត្យទាំង០៣ រាជរដ្ឋាភិបាលបានប្រគល់ និងធ្វើប្រតិភូកម្មមុខងារថ្មីៗជាច្រើនបន្ថែមទៀតដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងនោះក៏មានការផ្ទេរមុខងារនៃការផ្តល់សេវារដ្ឋបាលផងដែរ។
ក្នុងចំណោមមុខងារផ្ដល់សេវារដ្ឋបាលទាំងនោះ មានប្រភេទសេវាមួយចំនួនធំដែលមានការកំណត់តម្លៃសេវានៅក្នុងប្រកាសរួម ឬប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នសាមីរួចរាល់ហើយ និងមានប្រភេទសេវាមួយចំនួនតូចដែលនៅមិនទាន់មានការកំណត់តម្លៃសេវា និងសុពលភាពនៃការផ្ដល់សេវានៅឡើយទេ។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌមានភាពងាយស្រួលក្នុងការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលដែលរាជរដ្ឋាភិបាលបានផ្ទេរជូន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានពិនិត្យលើប្រកាសរួម ឬប្រកាសអន្តរក្រសួងដែលមានការពាក់ព័ន្ធ ដើម្បីរៀបចំចងក្រង និងប្រមូលផ្ដុំប្រភេទសេវាដែលស្ថិតក្នុងសមត្ថកិច្ចពិនិត្យសម្រេចរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌឱ្យមកស្ថិតក្នុងសេចក្តីព្រាងប្រកាសអន្តរក្រសួងថ្មីមួយដាច់ដោយឡែកពីប្រភេទសេវារបស់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលឃុំ សង្កាត់។
គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីប្រមូលធាតុចូល និងយោបល់នានាពីអ្នកពាក់ព័ន្ធដែលជាអ្នកអនុវត្តផ្ទាល់នៅថ្នាក់ក្រុង ស្រុក ខណ្ឌ លើខ្លឹមសារសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលផ្ដោតជាសំខាន់លើប្រភេទសេវា តម្លៃសេវានិងសុពលភាពនៃលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ។
     

ព័ត៌មានថ្មីៗ

មតិយោបល់